រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយតំណាងក្រសួង ស្ថាប័ន។ កិច្ចប្រជុំពិគ្រោះយោបល់នេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្ដម លោកជំទាវ ជាតំណាងក្រសួង-ស្ថាប័ន។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ឆាយ ឫទ្ធិសែន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ និងបានថ្លែងអំណរគុណចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន ទាំងអស់ ដែលជាការបង្ហាញឱ្យឃើញអំពីការយកចិត្តទុកដាក់ក្នុងការចូលរួមចំណែកលើកកម្ពស់វិស័យអភិវឌ្ឍន៍ជនបទ តាមរយៈជួយផ្ដល់ធាតុចូលដើម្បីរៀបចំឱ្យគោលនយោបាយអភិវឌ្ឍន៍ជនបទនេះសម្រេចបាន ប្រកបដោយគុណភាព ឆ្លើយតបទៅនឹងសេចក្ដីត្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ និងស្របតាមបរិបទនៃការអភិវឌ្ឍប្រទេសជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ចាក់ថា ក្នុងបុព្វហេតុស្ដារ និងអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរីកចម្រើន អាចប្រគួតប្រជែងជាមួយប្រទេសនានាទាំងក្នុងតំបន់ និងក្នុងសកលលោក និងមានកិត្យានុភាពខ្ពស់ត្រដែតលើឆាកអន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន ជាបិតាស្ថាបនិកសន្តិភាពកម្ពុជា និងប្រតិបត្តិករនៃនយោបាយឈ្នះឈ្នះ បានដាក់ចេញនិងអនុវត្តនូវយុទ្ធសាស្ដ្រត្រីកោណ និងយុទ្ធសាស្ដ្រចតុកោណទាំងបួនដំណាក់កាល ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាមួយនឹងការបន្ដបេសកកម្មជាប្រវត្តិសាស្ដ្រនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំបន្តវេនដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងថាមវន្ដរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលកំណត់អាទិភាពគន្លឹះ ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ក្នុងគោលបំណងឆ្លើយតបទៅនឹងទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំសេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ ដោយផ្អែកលើមូលដ្ឋាននៃសមិទ្ធផលដែលបានសម្រេចនាពេលកន្លងមក ដើម្បីដាក់ទិសដៅអភិវឌ្ឍន៍ជនបទ ដោយមានយុទ្ធសាស្ដ្រចំនួន៥ និងមានចក្ខុវិស័យ “ការកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌”។ ឯកឧត្តមរដ្ឋមន្ដ្រី បានស្នើដល់អង្គប្រជុំទាំងមូល ចូលរួមឱ្យបានសកម្មក្នុងការពិភាក្សា និងផ្ដល់យោបល់ ព្រមទាំងធាតុចូលជាយុទ្ធសាស្ដ្រ និងសំណើរប្រកបដោយន័យស្ថាបនានានា ដើម្បីជួយបំពេញបន្ថែមលើផែនការអភិវឌ្ឍន៍រយៈពេលវែងនេះ ឱ្យក្លាយជាឯកសារយោង និងមានគុណភាព និរន្ដរភាព និងអាចយកអនុវត្តបានពិតប្រាកដ។
កិច្ចប្រជុំពិគ្រោះយោបល់បានដំណើរការដោយមានការធ្វើបទបង្ហាញស្ដីពី សេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ ដោយ លោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ ជូនដល់អង្គពិធីទាំងមូល ផ្ដោតលើចក្ខុវិស័យ គោលបំណង គោលដៅ យុទ្ធសាស្ដ្រ កម្មវិធី និងវិធីសាស្ដ្រ ជូនដល់អង្គប្រជុំមូល។ បន្ទាប់មកអង្គប្រជុំបានធ្វើការពិភាក្សាយ៉ាងផុលផុស លើសេចក្ដីព្រាងគោលនយោបាយនេះ ព្រមទាំងបានចូលរួមផ្ដល់មតិយោបល់ ដែលជាធាតុចូលដ៏សំខាន់បន្ថែមទៀត ធ្វើឱ្យសេចក្ដីព្រាងគោលនយោបាននេះ កាន់តែមានគុណភាព និរន្ដរភាព និងមានសង្គតិភាពទៅនឹងចក្ខុវិស័យ និងផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល។
បន្ទាប់ពីបានស្ដាប់នូវការធ្វើបទបង្ហាញ និងការផ្ដល់ធាតុចូលដ៏មានសារៈសំខាន់ពីអង្គប្រជុំរួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានទទួលនូវធាតុចូលល្អៗ សម្រាប់បំពេញបន្ថែមលើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ ឱ្យច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។ ជាកិច្ចបញ្ចប់នៃអង្គប្រជុំ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្ដល់អនុសាសន៍ដល់ក្រុមការងារតាក់តែងគោលនយោបាយ រៀបចំកែសម្រួលដោយដាក់បញ្ចូលនូវធាតុចូល ដែលទទួលបានពីគ្រប់តំណាងក្រសួង ស្ថាប័ន ព្រមទាំងស្នើសុំដល់តំណាងក្រសួង ស្ថាប័នទាំងអស់បន្ដចូលរួមសហការ និងផ្ដល់ធាតុចូលបន្ថែមទៀតដើម្បីការឱ្យរៀបចំផែនការយុទ្ធសាស្ដ្រនេះកាន់តែមានភាពល្អប្រសើរ មានវិសាលភាពអនុវត្តបានទូលំទូលាយ ឆ្លើយតបទៅនឹងបរិបទនយោបាយ សេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យារបស់កម្ពុជា នាពេលបច្ចុប្បន្ន ក៏ដូចជាអនាគត ក្នុងគោលដៅធ្វើឱ្យតំបន់ជនបទ នៃព្រះរាជាណាចក្រកម្ពុជាមានការរីកចម្រើន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ប្រកដោយ បរិយាបន្ន សមធម៌ និងនិរន្ដរភាព៕