ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតីឥណ្ឌូនេស៊ី បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា គឺជារដ្ឋបុរសរបស់អាស៊ាន។ ការចាត់ទុកបែបនេះ ក៏ព្រោះសម្តេចតេជោ ជាមេដឹកនាំមួយរូប ដែលបានធ្វើកិច្ចការយូរជាងគេនៅអាស៊ាន ក៏ដូចជាផ្តល់វិភាគទានគំនិត និងដំណោះស្រាយជាច្រើននៅក្នុងអាស៊ាន។
ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី ចាត់ទុកសម្តេចតេជោជារដ្ឋបុរសរបស់អាស៊ាន នៅក្នុងជំនួបនាវិមានប្រធានាធិបតីនាទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។
នៅថ្ងៃទី៥ ខែឧសភា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបំពេញទស្សនកិច្ចជាថ្មីទៅកាន់ប្រទេសឥណ្ឌូនេស៊ី ក្នុងឋានៈជាប្រធានព្រឹទ្ធសភាកម្ពុជា។ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទទួលបានការផ្តល់តម្លៃយ៉ាងខ្ពង់ខ្ពស់បំផុតពីសំណាក់ប្រធានាធិបតីឥណ្ឌូនេស៊ី។
ការទទួលបដិសណ្ឋារកិច្ចត្រូវបានធ្វើឡើងយ៉ាងមហោឡារិក ចាប់តាំងពីព្រលានយន្តហោះ រហូតដល់ពិធីទទួលបដិសណ្ឋារកិច្ចផ្លូវការដោយឯកឧត្តមប្រធានាធិបតី។ ដំណើរអញ្ជើញដល់ ក៏ដូចជាពិធីទទួលបដិសណ្ឋារកិច្ចរបស់សម្តេច ត្រូវបានផ្សាយផ្ទាល់ដោយបណ្តាញផ្សព្វផ្សាយរបស់ឥណ្ឌូនេស៊ីថែមទៀតផង។
ឯកឧត្តមប្រធានាឥណ្ឌូនេស៊ី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានលើកឡើងថា ជាកិត្តិយដ៏ខ្ពង់ខ្ពស់សម្រាប់រូបលោក ដែលបានទទួលសម្តេចតេជោ នៅឥណ្ឌូនេស៊ី បន្ទាប់ពីរូបលោកបានជួបសម្តេចនៅភ្នំពេញ កាលពីខែកញ្ញា ឆ្នាំ២០២៤ មុនស្បថចូលកាន់ដំណែង។
ឯកឧត្តមប្រធានាធិបតីបានលើកឡើងថា ក្នុងតំបន់អាស៊ីអាគ្នេយ៍សម្តេចជារដ្ឋបុរស ដែលមានបទពិសោធន៍ដឹកនាំប្រទេសយូរឆ្នាំ។
ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី បានគូសរំលេចថា ឥណ្ឌូនេស៊ីតែងតែប្តេជ្ញាលើកកម្ពស់កិច្ចសន្ទនា ការផ្សះផ្សាជាតិ និងដោះស្រាយទំនាស់ដោយសន្តិវិធីនៅកម្ពុជា កាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ និង១៩៩០ ដែលប្រវត្តិនេះ ជាគ្រឹះសម្រាប់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ឥណ្ឌូនេស៊ី លើគ្រប់វិស័យ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងក្របខណ្ឌអាស៊ាន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ឯកឧត្តមប្រធានាធិបតី ដែលជាមិត្តចាស់ ដោយសម្តេច និងឯកឧត្តមប្រធានាធិបតី បានស្គាល់គ្នាជាង ៣០ឆ្នាំមកហើយ។ សម្តេចតេជោបន្តថា កម្ពុជាមានចំណងមិត្តភាពជាមួយឥណ្ឌូនេស៊ីជាង ៣៧ឆ្នាំហើយ ចាប់តាំងពីចរចាស្វែងរកសន្តិភាពមក។ ដូច្នេះសមិទ្ធផលកម្ពុជានៅពេលនេះ មិនអាចកាត់ផ្តាច់ពីការជួយរបស់ឥណ្ឌូនេស៊ីឡើយ។
សម្តេចតេជោ ហ៊ុន សែន បានអរគុណ និងគោរពចំពោះការចូលរួមរបស់ឥណ្ឌូនេស៊ី ក្នុងការជួយដល់កម្ពុជា។ សម្តេចតេជោ បន្តថា កម្ពុជា និងឥណ្ឌូនេស៊ី ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតទាំងនៅក្របខណ្ឌទ្វេភាគី និងអាស៊ាន។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានអបអរសាទរចំពោះជោគជ័យនៃការបោះឆ្នោតកន្លងទៅ ដែលឯកឧត្តមប្រធានាធិបតី ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី។ សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា លើកឡើងទៀតថា ថ្មីៗនេះ ឥណ្ឌូនេស៊ី បានក្លាយជាអធិរាជផ្នែកស្បៀង ហើយក៏ជាអធិរាជផ្នែកសន្តិសុខឋាមពលផងដែរ តែកម្ពុជាវិញ មានសន្តិសុខស្បៀង តែខ្វះសន្តិសុខឋាមពល។
សម្តេចតេជោសង្ឃឹមថា ភាគីទាំងពីរនឹងអាចជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត នូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការហោះហើរ ឱ្យខ្លាំងក្លាថែមទៀត។
ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន ក៏បាននាំយកព្រះរាជបន្ទូលព្រះមហាក្សត្រខ្មែរ អញ្ជើញឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី បំពេញទស្សនកិច្ចនៅកម្ពុជាក្នុងវេលាសមស្របផងដែរ។ សម្តេចតេជោ បញ្ជាក់ថា កន្លងទៅ ប្រធានាធិបតីឥណ្ឌូនេស៊ីជាច្រើនរូប បានទស្សនកិច្ចនៅកម្ពុជា។
ឯកឧត្តមប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានថ្លែងអំណរព្រះគុណព្រះករុណា ព្រះមហាក្សត្រកម្ពុជា ចំពោះការអញ្ជើញរូបលោក។ លោកប្រធានាធិបតី បានជម្រាបសម្តេចតេជោថា លោកសូមទទួលយកការអញ្ជើញនេះ ហើយនឹងបំពេញទស្សនកិច្ចនៅកម្ពុជានៅពេលខាងមុខ។
ឯកឧត្តមប្រធានាធិបតី ក៏បានផ្តាំតាមសម្តេចតេជោ នូវសេចក្តីនឹករលឹករបស់លោក ថ្វាយព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហមុនី ផងដែរ។
បន្ថែមពីលើនេះ ឯកឧត្តម ប្រាបូវ៉ូ បានជម្រាបសម្តេចតេជោទៀតថា ក្នុងរយៈពេល៦ខែ ដែលលោកធ្វើជាប្រធានាធិបតីឥណ្ឌូនេស៊ី ប្រទេសឥណ្ឌូនេស៊ី បានទទួលសមិទ្ធផលខាងផ្នែកសន្តិសុខស្បៀង ជាមួយការយកចិត្តទុកដាក់សន្តិសុខឋាមពល ជាពិសេសជំរុញការវិនិយោគផ្នែកសន្តិសុខឋាមពល។
ឯកឧត្តមប្រធានាធិបតីបន្តថា ឥណ្ឌូនេស៊ី ចង់ឱ្យកម្ពុជាចុះអនុស្សារណៈនៃការយោគយល់គ្នាលើផ្នែកនេសាទ ហើយឥណ្ឌូនេស៊ី ត្រៀមឱ្យមានកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនឯកជនផ្នែកនេសាទ និងឋាមពលនៃប្រទេសទាំងពីរ។
ពាក់ព័ន្ធនឹងការហោះហើរត្រង់រវាងប្រទេសទាំងពីរ ឯកឧត្តម ប្រាបូវ៉ូ លើកឡើងថា បច្ចុប្បន្ននេះជើងហោះហើររបស់ក្រុមហ៊ុន AirAsia Cambodia មានជើងហោះហើរទៅកោះបាលី របស់ឥណ្ឌូនេស៊ី រីឯក្រុមហ៊ុនឥណ្ឌូនេស៊ី ក៏កំពុងសិក្សា ដើម្បីបើកជើងហោះហើរទៅខេត្តសៀមរាបផងដែរ។
ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ប្រាបូវ៉ូ ពេញចិត្តនឹងកិច្ចសហប្រតិបត្តិការរវាងយោធា និងយោធានៃប្រទេសទាំងពីរដែលមានសន្ទុះល្អ ហើយមេដឹកនាំទាំងពីរបន្តជំរុញឱ្យពង្រីកបន្ថែម។ លើសពីនេះ ភាគីទាំងពីរជជែកពីការសហការគ្នាដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន លើបទឆបោកតាមអនឡាញ និងបញ្ហាគ្រឿងញៀនជាដើម៕