ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានក្រើនរម្លឹកបន្ថែមដល់មន្ត្រីរាជការ នៃក្រសួងព័ត៌មាន សូមថែទាំសុខភាព ពិនិត្យសុខភាពតាមការកំណត់របស់គ្រូពេទ្យ ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ និងជាពិសេសត្រូវគិតគូររបបអាហារហូបចុកប្រចាំថ្ងៃ ត្រូវពិសា តិចអំបិល តិចស្ករ និងតិចខ្លាញ់។
ការក្រើនរម្លឹកបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ ក្នុងឱកាសឯកឧត្តម និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន បាននាំយកអំណោយជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់របស់កាកបាទក្រហមកម្ពុជាចែកជូនដល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ដែលមានជំងឺរាំរ៉ៃប្រចាំកាយ និងមានជីវភាពខ្វះខាតចំនួន ២០នាក់។
ខណៈបច្ចុប្បន្ននេះ ជំងឺមិនឆ្លងកំពុងកើតឡើងច្រើន និងមានអត្រានៃអ្នកស្លាប់ដោយសារជំងឺមិនឆ្លងនេះដូចជាជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺសរសៃឈាម និងជំងឺបេះដូងជាដើម។ កត្តាដែលនាំឱ្យប្រជាពលរដ្ឋកម្ពុជា កើតជំងឺមិនឆ្លងច្រើនដោយសារតែប្រជាពលរដ្ឋមួយចំនួនមិនសូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់។ ជំងឺមិនឆ្លងកើតឡើងដោយសារកត្តាហានិភ័យពាក់ព័ន្ធនឹងរបបអាហារដែលគ្មានសុខុមាលភាព ការប្រើប្រាស់ថ្នាំជក់ កង្វះសកម្មភាពរាងកាយ និងការប្រើប្រាស់គ្រឿងស្រវឹង។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានក្រើនរម្លឹកយ៉ាងដូច្នេះថា៖ «សូមឱ្យបងប្អូនមានស្មារតីរឹងមាំ ថែទាំសុខភាព ហាត់ប្រាណ គិតពីរបបអាហារ និងសូមកុំហូបអាហារតាមឃ្លានឱ្យសោះ និងត្រូវគិតគូររបបអាហារហូបចុកប្រចាំថ្ងៃ ត្រូវពិសា តិចអំបិល តិចស្ករ និងតិចខ្លាញ់»។
នៅចំពោះមុខមន្ត្រីរាជការដែលកំពុងមានជំងឺ, ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកទឹកចិត្ត និងបញ្ជាក់ជំហរថា ថ្នាក់ដឹកនាំក្រសួងព័ត៌មាន រាជរដ្ឋាភិបាលកម្ពុជា គឺនៅឈរក្បែរ និងយកចិត្តទុកដាក់ជានិច្ចចំពោះមន្ត្រីរាជការដែលមានជំងឺ មានជីវភាពខ្វះខាត និងមានមន្ត្រីរាជការជានិវត្តជន។ ដូច្នេះ សូមបងប្អូនកុំមានអារម្មណ៍ថាថ្នាក់ដឹកនាំក្រសួង ស្ថាប័នមានការរើសអើងចំពោះខ្លួនឱ្យសោះ។ ជាក់ស្តែងការប្រគល់អំណោយនាពេលនេះ គឺជាការយកចិត្តទុកដាក់ពីសុខទុក្ខរបស់មន្ត្រីរាជការ បញ្ហាជីវភាពរស់នៅ ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់មន្ត្រីដែលមានជំងឺ និងមានជីវភាពខ្វះខាត ស្ថិតនៅក្រោមដំបូលគ្រួសារតែមួយ នៃក្រសួងព័ត៌មាន ក្រោមដំបូលនៃសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ និងប្រកបដោយឆន្ទៈខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក នៅកម្ពុជា ជំងឺមិនឆ្លងមានលើស ៦០% នៃចំនួនអត្រាមរណៈភាពសរុប ក្នុងនោះជំងឺសរសៃឈាមបេះដូង គឺជាមូលហេតុចម្បងនៃការស្លាប់ និងពិការភាព។
រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សុខុមាលភាព និងជីវិតរបស់ប្រជាពលរដ្ឋ នៅតែជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល។ បេឡាជាតិសន្តិសុខសង្គម ត្រូវពង្រឹងកិច្ចសហការ ជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការផ្សព្វផ្សាយពីគុណតម្ល នៃបណ្ណ ប.ស.ស. និងត្រូវធានាប្រសិទ្ធភាព, ស័ក្ដិសិទ្ធភាព, តម្លាភាព, គណនេយ្យភាព និងសុក្រឹតភាព នៃកិច្ចប្រតិបត្តិការការងារ ដើម្បីរួមគ្នាជំរុញ ការផ្តល់សេវាសុខាភិបាលជូនសមាជិក ប.ស.ស. ឱ្យបានទាន់ពេល និងប្រកបដោយគុណភាព។
រាជរដ្ឋាភិបាលកម្ពុជាប្រកាសបញ្ជាក់ប្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់សារជាថ្មីថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេច ប្តេជ្ញាបន្តកំណត់យកការលើកស្ទួយសុខុមាលភាព និងជីវភាពរបស់ពលរដ្ឋ, ការអភិវឌ្ឍមូលធនមនុស្ស និងការកាត់បន្ថយ ភាពក្រីក្រ ជាការងារអាទិភាពចំពោះមុខ ក្នុងស្មារតី មិនបោះបង់ពលរដ្ឋណាម្នាក់ ដោយសម្តេចនៅតែបន្តប្តូរផ្តាច់ដឹកនាំ នាវាគាំពារសង្គមកម្ពុជា ធ្វើដំណើរទៅមុខយ៉ាង ស្វាហាប់ ប្រកបដោយនិរន្តរភាព ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
នាឱកាសនោះដែរ មន្ត្រីរាជការដែលទទួលបានអំណោយរបស់កាកបាទក្រហមកម្ពុជា ព្រមទាំងថវិកាពីឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ជាប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ពួកគាត់បានសម្តែងក្តីរំភើបរីករាយយ៉ាងខ្លាំងឥតឧបមា ថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រភក្រ្តា ដែលបានយកចិត្តទុកដាក់ពីការលំបាករបស់ពួកគាត់នាពេលនេះ។
ជាមួយគ្នានេះឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានផ្តល់បន្ថែមថវិកាក្នុងម្នាក់ចំនួន ៥មុឺនរៀល, លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ចំនួន ៥មុឺនរៀល សរុបជារួមក្នុងម្នាក់ៗទទួលបានថវិកា ១០មុឺនរៀលផងដែរ៕