រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំទិវាជាតិនៃការចងចាំ ២០ ឧសភា នៅបរិវេណមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជេីងឯក ដែលមានអ្នកចូលរួមជិត ១ម៉ឺននាក់


ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាម្តងទៀត ជុំវិញការរៀបចំទិវាជាតិនៃការចងចាំថ្ងៃ២០ ឧសភា នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះថា រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំទិវាជាតិនៃការចងចាំ ២០ ឧសភា ២០២៥ នៅបរិវេណមជ្ឈមណ្ឌល ប្រល័យពូជសាសន៍ជេីងឯកស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ ដែលមានអ្នកចូលរួមជិត ១ម៉ឺននាក់។ ទិវានឹងមានការអញ្ជើញឯកអគ្គរាជទូត និងអគ្គរដ្ឋទូតបណ្តាប្រទេសជាមិត្តឱ្យចូលរួមផងដែរ។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា៖ ការប្រារព្ធទិវាជាតិ នៃការចងចាំថ្ងៃ២០ ឧសភា ធ្វើឡើងដើម្បីរំលឹកឱ្យក្មេងជំនន់ក្រោយបានដឹង និងយល់ឱ្យបានច្បាស់ ពីរបបដ៏សាហាវយង់ឃ្នង របស់ពួកប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានប្រព្រឹត្តមកលើប្រជាជនកម្ពុជា អស់រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដោយបានកាប់សម្លាប់ប្រជាជនកម្ពុជា អស់ជាង៣លាននាក់។ ដើម្បីរួមគ្នារក្សាសន្តិភាពឱ្យបានគង់វង់នៅកម្ពុជា ពិសេសគឺការពារឱ្យបាននូវរបបដ៏សាហាវយង់ឃ្នងនេះ កុំឱ្យវិលត្រឡប់មកលើប្រទេសកម្ពុជាជាថ្មីម្តងទៀត។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានបន្តថា៖ «ឆ្នាំនេះទិវាជាតិនៃការចងចាំនឹងត្រូវប្រារព្វធ្វើឡើងធំជាងឆ្នាំមុន ដោយថ្នាក់ជាតិនឹងអញ្ជើញជាអធិបតី ហើយការងាររៀបចំ ត្រូវបានថ្នាក់ជាតិ ប្រគល់លទ្ធភាពឱ្យមករដ្ឋបាលរាជធានីភ្នំពេញ យើងជាអ្នករៀបចំនៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ ព្រោះតែរាជធានីភ្នំពេញ បានរៀបចំប្រារព្វទិវានេះឡើង រាល់ឆ្នាំមានបទពិសោធន៍គ្រប់គ្រាន់។ ជាគម្រោងនឹងមានប្រជាពលរដ្ឋ បងប្អូនខ្មែរ ឥស្លាម តាជី យាយជី ចូលរួមចំនួន ៩០០០នាក់ ជាមួយនឹងការអញ្ជើញអង្គទូតចូលរួមផងដែរ»

ឯកឧត្តម ឃួង ស្រេង បានថ្លែងថា គម្រោងរៀបចំទិវាជាតិនៃការចងចាំឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបង្កើតគណៈកម្មាធិការមួយដើម្បីរៀបចំ ដោយគិតទាំងមហាជនចូលរួម និងចំណតរថយន្តផងដែរ សំដៅធ្វើយ៉ាងណាឱ្យការប្រារព្ធពិធីនេះដំណើរការទៅដោយភាពអធឹកអធម្ម និងជោគជ័យ៕