ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកទឹកចិត្តឱ្យភាគីចិន បង្កើនការវិនិយោគលើការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាបន្ថែម ដើម្បីបំពាក់បំប៉នជំនាញឱ្យស្របនឹងបរិបទឌីជីថលភាវូបនីយកម្ម ពង្រីកផលិតភាពការងារឱ្យកាន់តែខ្ពស់ ពិសេស ដើម្បីបង្កើនការទាក់ទាញវិនិយោគិនបរទេស ឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។
ការលើកទឹកចិត្តនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយលោក ZHAO HAIYAN (ចាវ ហាយយាន) អគ្គទីប្រឹក្សានៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ទទួលបន្ទុកកិច្ចការកុងស៊ុលប្រចាំកម្ពុជា នៅវិទ្យាស្ថានជាតិពហុបច្ចេទេសកម្ពុជា (NPIC) នាព្រឹកថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥ ដែលជំនួបនេះ គឺមុនពិធីបើកសម្ពោធដាក់ឱ្យដំណើរការ «រោងជាងឌីជីថល និងបញ្ញាសិប្បនិម្មិត» នៅវិទ្យាស្ថានជាតិពហុបច្ចេទេសកម្ពុជា (NPIC)។
ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញលើកទឹកចិត្តឱ្យភាគីចិន ចូលរួមវិនិយោគបន្ថែមលើការកសាងធនធានជំនាញនៅកម្ពុជាបន្ថែមទៀត ដើម្បីអាចឱ្យកម្ពុជា មានសមត្ថភាពកាន់តែខ្ពស់ ក្នុងការបង្កើនផលិតភាពការងារ និងរក្សាបានការទាក់ទាញការវិនិយោគបន្ថែមទៀតមកកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីទស្សនៈរួមគ្នារវាងកម្ពុជា-ចិន លើការលើកកម្ពស់និងអភិវឌ្ឍសមត្ថភាពជំនាញធនធានមនុស្ស ក្រោមកិច្ចសហការរវាង ក្រុមហ៊ុនឯកជនរបស់ចិន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា។
ជាការឆ្លើយតប លោកអគ្គទីប្រឹក្សាទូត ZHAO HAIYAN បានបញ្ជាក់ថា រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន នៅតែជួយជ្រោមជ្រែង និងគាំទ្រទៅដល់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា ដើម្បីឱ្យកម្ពុជាកាន់តែរីកចម្រើនជាបន្តបន្ទាប់៕