សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ទទួលបានថវិកាប្រមាណជាង៦៨ម៉ឺនដុល្លារអាមេរិក ពីសប្បុរសជន ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។
ពិធីនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម។
តាមរយៈរបាយការណ៍ស្វាគមន៍ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានឲ្យដឹងថា ដោយមានបេសកកម្មស្របច្បាប់ ជាជំនួយការឲ្យអាជ្ញាធរសាធារណៈ សាខា អនុសាខា នៅតែបានបន្តចូលរួម ដោះស្រាយបញ្ហាលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ទីកន្លែង គ្រប់ស្ថានភាព មិនទុកនរណាម្នាក់ចោល មិនមានការរើសអើង ស្របតាមគោលការណ៍គ្រឹះទាំង៧ របស់ចលនា ដែលរយៈពេល៥ឆ្នាំ ក្នុងអាណត្តិទី៥នេះ សាខា អនុសាខា បានឆ្លើយតបភ្លាមៗទៅនឹងតម្រូវការ ជាក់ស្ដែងនៅតាម សហគមន៍រងគ្រោះ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត បានចំនួន៩១,៣៩៦គ្រួសារ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានចាត់ទុក «ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម៨ឧសភា» ជាទិវាមួយប្រកបដោយអត្ថន័យយ៉ាងជ្រាលជ ជាទីបំផុត ពោលគឺថ្ងៃដ៏មានសារៈសំខាន់មួយ ដែលយើងទាំងអស់គ្នារំលឹកដល់ប្រតិបត្តិការ មនុស្សធម៌, សន្តានចិត្តសប្បុរសប្រោសប្រណី និងស្មារតីជួយគ្នាទៅវិញទៅមក ចំពោះពលរដ្ឋ រងគ្រោះនិងងាយរងគ្រោះ និងមិនត្រឹមតែប៉ុណ្ណោះ ទិវានេះ ក៏ជាឱកាសជូនដល់សប្បុរសជនទាំងអស់ បង្ហាញនូវទឹកចិត្តនិងសមានចិត្តល្អប្រពៃ តាមរយៈការចូលរួមបរិច្ចាគមូលនិធិ ដើម្បីបុព្វហេតុមនុស្សធម៌ និងគុណតម្លៃមនុស្សជាតិផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានគូសបញ្ជាក់ថា ជោគជ័យរយៈពេល១ឆ្នាំ ក៏ដូចជាអាណត្តិកន្លងទៅរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម គឺអាស្រ័យលើកត្តាគួបផ្សំជាច្រើន ដែលក្នុងនោះកត្តាសត្យានុម័តចម្បងធំជាងគេបំផុតនោះ គឺសុខសន្តិភាពពេញលេញដែលកម្ពុជាយើងសម្រេចបាន ក្នុងរយៈពេល២៧ឆ្នាំចុងក្រោយនេះ តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន អគ្គមគ្គុទេសក៍ឯក និងបិតាស្ថាបនិកសន្តិភាពនៅកម្ពុជា និងថ្មីៗនេះ ត្រូវបានប្រសិទ្ធនាមជា រដ្ឋបុរសរបស់អាស៊ាន ដែលសម្តេចមិនត្រឹមតែបានកសាង កម្ពុជាពីចំណុចសូន្យប៉ុណ្ណោះទេ ប៉ុន្តែបានលើកមុខមាត់ និង កិត្តិនាមកម្ពុជា ទាំងនៅក្នុងតំបន់ និងឆាកអន្តរជាតិ។
បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានយល់ឃើញថា ប្រធានបទនៃទិវាសម្រាប់ឆ្នាំ២០២៥នេះ គឺ «រួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ដែលតាមរយៈប្រធានបទនេះ បានរំលឹកឲ្យ យើងទាំងអស់គ្នាចងចាំថា៖ បញ្ហាបម្រែបម្រួលអាកាសធាតុ បានកំពុងបន្តជះឥទ្ធិពល និងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត សុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋយើង ទាំងនៅក្នុងប្រទេសកម្ពុជា និងលើសកលលោក។
ក្នុងន័យនេះ បញ្ហាគ្រោះធម្មជាតិ ដូចជា ទឹកជំនន់ ខ្យល់កន្ត្រាក់ រន្ទះ គ្រោះរាំងស្ងួត បាននិងកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា រួមទាំងខេត្តកំពង់ចាមយើងផងដែរ ដែលបានញាំញីរ៉ាំរ៉ៃដល់អាយុជីវិត បំផ្លិចបំផ្លាញផលដំណាំ និងទ្រព្យសម្បត្តិនានា ប៉ះពាល់ដល់សុខុមាលភាព និងជីវភាពរបស់ពលរដ្ឋ។
ឆ្លើយតបទៅនឹងបញ្ហាទាំងនេះ ដើម្បីកសាងភាពធន់ទៅនឹងបម្រែបម្រួលអាកាសធាតុនេះ ឯកឧត្តមបានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវមានភាពបុរេសកម្ម ក្នុងការជួយអន្តរាគមន៍ សង្គ្រោះទាន់ពេលវេលានៅពេលមានគ្រោះមហន្តរាយនានា ហើយជាមួយគ្នានោះ សាខាកាកបាទក្រហមរបស់យើងក៏ត្រូវសហការក្នុងការផ្គត់ផ្គង់ គ្រឿងឧបភោគបរិភោគ និងថវិកាចាំបាច់នានាឲ្យបានទាន់ពេលនិងមានប្រសិទ្ធភាព។
មួយវិញទៀតដោយសារប្រធានបទឆ្នាំនេះ ក៏មានរំលេចអំពី «សហគមន៍មាន សុខភាពល្អ» ផងដែរនោះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត កំពង់ចាមទាំងមូល ក៏ត្រូវគិតគូរពីបញ្ហាសុខភាពផ្ទាល់ខ្លួន ដោយត្រូវអនុវត្តតាមគោលការណ៍ ណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការគិតគូរពីចំណីអាហារ ការហាត់ប្រាណដើម្បីសុខភាព និងការបង្កើនអនាម័យបរិស្ថានរស់នៅស្អាត ដើម្បីជៀសវាងពីជំងឺរាតត្បាតនានា ដើម្បីឲ្យកម្ពុជាមានមូលធនមនុស្សរឹងមាំ សម្រាប់អភិវឌ្ឍសង្គមជាតិ។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់សប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងអស់ ចំពោះសមានចិត្ត ទឹកចិត្តប្រពៃថ្លៃថ្លា ក្នុងការចូលរួម បរិច្ចាគថវិកា និងធនធាននានា នាពេលកន្លងទៅ និង អំពាវនាវសូមមេត្តាបន្តវប្បធម៌ សិល្បៈ ចែករំលែក កាយវិការ និងសណ្តានចិត្តដ៏ល្អប្រពៃនេះ ធ្វើការបរិច្ចាគបន្តបន្ថែមទៀត ដើម្បីឲ្យសាខាកាកបាទក្រហមខេត្តកំពង់ចាម មានលទ្ធភាពបំពេញបេកសកកម្មមនុស្សធម៌ ទទួលបានជោគជ័យផ្លែផ្កា លើកកម្ពស់គុណតម្ល និងសេចក្តីថ្លៃថ្នូរនៃមនុស្សជាតិ៕