ឯកឧត្តម តាន់ហ្សង់ ហ្វ្រង់ស័រ៖ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើដំណើរព្រមគ្នាដើម្បីលើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្ដរជាតិ


ឯកឧត្តម តាន់ហ្សង់ ហ្វ្រង់ស័រ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី តាមរយៈវេទិកាសារព័ត៌មានលើកទី៧ ស្ដីពី «កម្ពុជាឈរកាន់តែរឹងមាំលើឆាកនយោបាយជាតិ តំបន់ និងអន្ដរជាតិ» នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ បានអះអាងថា ទាំងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើដំណើរព្រមៗគ្នា ដើម្បីលើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្ដរជាតិ។

ការរួមគ្នាលើកកម្ពស់កិត្យានុភាពកម្ពុជា ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឯកឧត្តម តាន់ហ្សង់ ហ្វ្រង់ស័រ អះអាងនោះ គឺស្ដែងឡើងតាមរយៈការបំពេញទស្សនកិច្ចការទូតទៅក្រៅប្រទេសរបស់ថ្នាក់ដឹកនាំកំពូលទាំងពីររូប ដែលគឺសុទ្ធសឹងជាសកម្មភាពទូតដៅទៅរកការពង្រឹង និងពង្រីក មិត្តភាព និងការលើកកម្ពស់ និងការរក្សាសន្តិភាពនៅជុំវិញប្រទេសកម្ពុជា និងក្នុងតំបន់។

ឯកឧត្តមបានរំលឹកឡើងវិញថា ថ្មីៗនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូណេស៊ី និង ទីម័រឡេស្តេ ខណៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺបានទៅបំពេញទស្សនកិច្ចនៅប្រទេសហ្វីលីពីន។ បន្ថែមពីនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏មានកិច្ចពិភាក្សាការងារមួយចំនួន តាមប្រព័ន្ធទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី, នាយករដ្ឋមន្ត្រីសិង្ហបុរី និងនាយករដ្ឋមន្ត្រីអូស្ត្រាលី។

លើសពីនេះ ក៏មានដែរព្រឹត្តិការណ៍ពីរធំៗ ដែល ឯកឧត្តម តាន់ហ្សង់ ហ្វ្រង់ស័រ បានគូសបញ្ជាក់ គឺទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅកម្ពុជា និងទស្សនកិច្ចនៅកម្ពុជាដូចគ្នារបស់នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ។

ឯកឧត្តមសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍សំខាន់ៗនេះ សុទ្ធសឹងជាសកម្មភាពទូតរបស់កម្ពុជា ក្នុងរយៈពេលមួយត្រីមាសចុងក្រោយនេះ។ សកម្មភាពទូត ដែលតម្រង់ព្រមគ្នាទៅរកទិសដៅបី ទីមួយ៖ ការពង្រឹង និងពង្រីកមិត្តភាព, ទី២៖ ការផ្តល់សន្ទុះថ្មីដល់កិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីវិបុលភាពរួម និងផលប្រយោជន៍ចែករំលែកគ្នាគ្នាទៅ វិញទៅមករវាងប្រទេសយើង, កម្ពុជា និងបណ្ដាប្រទេសដៃគូ និងទី៣៖ ការរក្សា និងលើកកម្ពស់សន្តិភាព នៅជុំវិញប្រទេសកម្ពុជាយើង និងនៅក្នុងតំបន់៕