នៅព្រឹកថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ នៅទីស្តីការក្រសួង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង និងកំណត់របៀបរបបធ្វើការងារប្រកបដោយភាពម៉ឺងម៉ាត់ហ្មត់ចត់ តម្លាភាព ប្រសិទ្ធភាពការងារ និងមានចក្ខុវិស័យ ដោយមានការចូលរួមពីឯកឧត្តមជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គ និងអាជ្ញាធរទន្លេសាបជាច្រើនរូប។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះមានគោលបំណងដើម្បីធានាលើការដឹកនាំអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ សំដៅរួមចំណែកសម្រេចឱ្យបានជោគជ័យការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការណែនាំឱ្យបន្តការយកចិត្តទុកដាក់លើការពង្រឹងវិន័យផ្ទៃក្នុងរបស់ក្រសួងស្ថាប័ន ហើយអនុវត្តនូវតួនាទី និងភារកិច្ចប្រកបដោយស្មារតីម្ចាស់ការ និងទទួលខុសត្រូវខ្ពស់ គោរពប្រតិបត្តិតាមរបៀបរបបការងារឱ្យបានហ្មត់ចត់និងម៉ឺងម៉ាត់ ស្របតាមគោលការណ៍ដឹកនាំ ដោយឈរលើមូលដ្ឋានច្បាប់ ឋានានុក្រម និងគោលការណ៍ជាសកល ដើម្បីជួយឱ្យក្រសួង-ស្ថាប័នមានភាពរីកចម្រើន ការងារមានប្រសិទ្ធភាព និងមានសុខដុមនីយកម្ម។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍សង្កត់ធ្ងន់ពីការរក្សាឱ្យបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អទាំងក្នុងអង្គភាព និងជាមួយដៃគូនានា ដើម្បីបន្តថែរក្សា ការពារសមិទ្ធផល ដែលមានពីមុនមក និងបង្កើនសមិទ្ធផលថ្មីៗបន្ថែមទៀត៕