ទិវាជាតិ នៃការចងចាំ ២០ ឧសភា! អភិបាលខេត្តកំពង់ធំ អំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមថែរក្សា និងការពារសន្តិភាពឱ្យបានគង់វង្ស, មិនឱ្យសង្គ្រាមកើតមានឡើងវិញ ទោះក្នុងតម្លៃណាក៏ដោយ


ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងឯកឧត្តម នួន ផារ័ត្ន អភិបាលអភិបាលខេត្ត បានអញ្ជើញចូលរួមជាអធិបតីក្នុងទិវាជាតិ នៃការចងចាំ ២០ ឧសភា នៅវត្តឌួងសូរិយា ហៅវត្តក្តីដូង ស្ថិតនៅភូមិក្តីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។

ការប្រារព្ធទិវាជាតិនាឱកាសនោះ មានការនិមន្ត និងការចូលរួមពីសំណាក់ព្រះចៅអធិការវត្តឌួងសូរិយា ប្រធានមន្ទីរជុំវិញខេត្តកំពង់ធំ អភិបាលស្រុកកំពង់ស្វាយលោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជាង១.០០០នាក់។

ឯកឧត្តម នួន ផារ័ត្ន បានថ្លែងថា ទិវាជាតិ នៃការចងចាំ ២០ ឧសភា ត្រូវបានប្រារព្ធធ្វើឡើងដើម្បីរំលឹកអំពីប្រវត្តិសាស្ត្រដ៏ជូរចត់របស់ប្រទេសកម្ពុជា ដែលបានឆ្លងកាត់របបកម្ពុជាប្រជាធិបតេយ្យអស់រយៈកាល ០៣ឆ្នាំ ០៨ខែ ២០ថ្ងៃ ប្រជាជនកម្ពុជាមួយចំនួនត្រូវជម្លៀសចេញពីទីក្រុង កាប់សម្លាប់យ៉ាងអយុត្តិធម៌ ព្រមទាំងបានលុបបំបាត់ចោលទាំងស្រុងនូវសេដ្ឋកិច្ចទីផ្សារសេរី លុបបំបាត់នូវការចាយវាយផ្សេងៗ មិនមានដំណើរការសាលារៀន មន្ទីរពេទ្យ និងវត្តអារាម។

ឯកឧត្តមបន្តទៀតថា ដោយសារការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលសម្តេចបានខិតខំប្រឹងប្រែងតស៊ូ យកជីវិតធ្វើដើមទុន រំដោះជាតិមាតុភូមិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏សាហាវយ៉ង់ឃ្នង រហូតបង្រួបបង្រួមជាតិ សង្គ្រោះជាតិ សាសនា និងការអប់រំឱ្យរស់ឡើងវិញ ដោយកសាងបាននូវសន្តិភាព សេចក្តីសុខ សុភមង្គលជូនប្រជាពលរដ្ឋទូទាំងប្រទេស។ នយោបាយឈ្នះឈ្នះបានធ្វើឱ្យ ប្រទេសជាតិ មានសុខសន្តិភាពយូរអង្វែង ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមការពារសន្តិភាពឱ្យបានគង់វង្ស ពិសេសកុំបំផ្លាញសុភមង្គលក្រុមគ្រួសាររបស់ខ្លួន ហើយណែនាំដល់កូនចៅឱ្យដឹងពីទុក្ខលំបាកកើតចេញ ពីសង្គ្រាម។

ឯកឧត្តមសូមអំពាវនាវបងប្អូនត្រូវចងចាំនូវទិវាជាតិ នៃការចងចាំ ឱ្យចូលរួមថែរក្សា និងការពារសុខសន្តិភាពឱ្យបានគង់វង្ស ការពារមិនឱ្យសង្គ្រាមកើតមានឡើងវិញ ទោះក្នុងតម្លៃណាក៏ដោយ។ កាលណាប្រទេសជាតិមានសុខសន្តិភាព នោះប្រទេសជាតិ នឹងមានការអភិវឌ្ឍជាបន្តបន្ទាប់ ព្រមទាំងបង្កើតបានជាមូលដ្ឋានគ្រឹះ នៃសុខដុមរមនាសម្រាប់ប្រទេសជាតិយើងទាំងមូល។

គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជា រៀបចំទិវាជាតិនៃការចងចាំនេះ ជារៀងរាល់ឆ្នាំ ដើម្បីអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋ បានចងចាំ និងយល់ដឹងច្បាស់អំពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជា និងអនុញ្ញាតឱ្យក្មេងជំនាន់ក្រោយ បានស្គាល់ពីប្រវត្តិសាស្រ្តដ៏លំបាក ដែលប្រទេសជាតិធ្លាប់ឆ្លងកាត់៕