នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក បានអញ្ជើញជាអធិបតីក្នុងពិធីខួបលើកទី៨នៃទិវាជាតិនៃការចងចាំ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើនអង្គ/នាក់ នៅបរិវេណវត្តកំពង់ត្រាច ស្រុករមាសហែក។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្រ្តីបានសម្ដែងនូវការដឹងគុណដល់ដួងវិញ្ញាណក្ខន្ធ និងឧទ្ទិសបុណ្យកុសលជូនប្រជាជនរងគ្រោះ ក៏ដូចជាវីរជនខ្មែរ និងយោធិនស្ម័គ្រចិត្ត ព្រមទាំងប្រជាជនទាំងអស់ប្រមាណ១.៧លាននាក់ ដែលបានបាត់បង់ជីវិត និងបានពលីជីវិត ដើម្បីរំដោះប្រទេស និងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏យង់ឃ្នងមួយនេះ។
ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី បានរំលឹកអំពីការលះបង់ ការតស៊ូគ្រប់បែបយ៉ាង និងការយកអាយុជីវិតជាដើមទុន របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរំដោះប្រទេសជាតិចេញពីរបបខ្មៅងងឹតរហូតទទួលបាននូវសុខសន្តិភាព និងស្ថិរភាពពេញលេញ ដែលកម្ពុជាពុំធ្លាប់បានស្គាល់ទាល់តែសោះក្នុងរយៈពេលជាង៥០០ឆ្នាំចុងក្រោយនេះ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីការគិតគូររបស់ សម្តេចតេជោ ដើម្បីស្វែងរកយុត្តិធម៌សង្គម និងជូនជនរងគ្រោះ ជាពិសេស «យុត្តិធម៌សម្រាប់អ្នកដែលបាត់បង់ជីវិត និងសន្តិភាពសម្រាប់អ្នកដែលរស់រានមានជីវិត» តាមរយៈការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬសាលាក្តីខ្មែរក្រហម ដើម្បីកាត់ទោសមេដឹកនាំជាន់ខ្ពស់បំផុតនៃរបបខ្មែរក្រហម ដែលការបង្កើតសាលាក្តីនេះគឺ មានការចូលរួមចំណែកយ៉ាងធំធេងពីសំណាក់ សម្ដេចវិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងដំណើរការកសាងច្បាប់ និងការចរចាកិច្ចព្រមព្រៀងនានា។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីការប្ដេជ្ញាចិត្តខ្ពស់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយមរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តថែរក្សានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនគ្រប់វិស័យ និងការពារទប់ស្កាត់ឱ្យខានតែបាននូវរបបប្រល័យពូជសាសន៍ដ៏សាហាវព្រៃផ្សៃនេះ។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថាកត្តាសុខសន្តិភាពគឺជាមូលដ្ឋានគ្រឹះក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ហើយការថែរក្សាសន្តិភាពគឺជាកិច្ចការដ៏សំខាន់បំផុត។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តប្ដេជ្ញាប្រឆាំងដាច់ខាត និងកុំចាញ់បោកនូវឧបាយកលរបស់ពួកជ្រុលនិយម ដែលតែងតែប៉ុនប៉ងរកគ្រប់វិធីដើម្បីធ្វើឱ្យប្រទេសជាតិចលាចល និងអាចធ្លាក់ចូលក្នុងជម្លោះប្រដាប់អាវុធ ឬសង្រ្គាមសារជាថ្មី និងបានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបត្រូវសិក្សាអំពីអតីតកាលរបស់ប្រទេសកម្ពុជា និងការឈឺចាប់ដែលប្រជាជនកម្ពុជាទទួលរង និងត្រូវចូលរួមបន្តថែសុខសន្តិភាពដែលបានកសាងឡើងយ៉ាងលំបាកឱ្យនៅស្ថិតស្ថេរជាចីរកាល៕



















