ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញជួបជាមួយបងប្អូនខាងសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅមជ្ឈមណ្ឌលសិក្សាសហគមន៍អូរឬស្សី នៅមជ្ឈមណ្ឌលកុមារក្តីសង្ឃឹមថ្មី


ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥  បានអញ្ជើញចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលកំពុងសិក្សាជំនាញកាត់ដេរសម្លៀកបំពាក់ សាឡន និងភ្លេងពិណពាទ្យ នៅមជ្ឈមណ្ឌលសិក្សាសហគមន៍ឃុំអូរឬស្សី។ការជួបសំណេះសំណាលនេះក៏មានការអមដំណើរដោយក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រឡាច លោកប្រធានការិយាល័យអប់រំយុវជន និងកីឡាស្រុកកំពង់ត្រឡាច រដ្ឋបាលឃុំអូរឫស្សី ឃុំតាជេស និងឃុំថ្មឥដ្ឋ។ ឯកឧត្តមបណ្ឌិត បានឧបត្ថម្ភដល់លោកគ្រូ អ្នកគ្រូចំនួន ៣នាក់ និងសិស្សានុសិស្សចំនួន ៤១នាក់ ក្នុងម្នាក់ៗថវិការមួយចំនួន។

បន្ទាប់មកឯកឧត្តមបណ្ឌិត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្មួយៗដែលជាកុមារកំព្រា និងមានជីវភាពខ្វះខាតចំនួន ២២នាក់ ដែលកំពុងស្នាក់នៅមជ្ឈមណ្ឌលកុមារក្តីសង្ឃឹមថ្មី ស្ថិតនៅភូមិស្វាយក្រោម ឃុំតាជេស។ ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត បានឧបត្ថម្ភអង្ករចំនួន ១០០ គីឡូក្រាម ភេសជ្ជៈចំនួន ៣កេស និងឧបត្ថម្ភថវិកាមួយចំនួន។

ជាចុងបញ្ចប់ឯកឧត្តមបណ្ឌិត បានបន្តអញ្ជើញចូលរួមពិធីបុណ្យសពប្រជាពលរដ្ឋចំនួន ២សព។ សពទី១ ជាប្រធានប្រជាការពារភូមិស្នងមុំ ឃុំថ្មឥដ្ឋ ដែលបានទទួលមរណភាពដោយរោគាពាធ និងសពទី២ ជាប្រជាពលរដ្ឋ ស្ថិតនៅភូមិស្វាយក្រោម ឃុំតាជេស ដែលបានទទួលមរណភាពដោយជរាពាធ។

ស្ថិតក្នុងឱកាសដ៏ក្រៀមក្រំនេះ ឯកឧត្តមបណ្ឌិត បានចូលរួមរំលែកទុក្ខដល់គ្រួសារសពដែលបានបាត់បង់សមាជិកជាទីស្រឡាញ់ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពទាំងពីរ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ឯកឧត្តមបណ្ឌិត ក៏បាននាំយកអង្ករចំនួន ២៥ គីឡូក្រាម មី ១ កេស ទឹកត្រី ទឹកស៊ីអ៊ីវ និងបច្ច័យមួយចំនួនចូលរួមរំលែកទុក្ខសពផងដែរ៕