នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នេះ ឯកឧត្តម ជីវ ស៊ុនហេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តផែនការការងារសាងសង់ច្រាំងទន្លេឆ្នាំ២០២៥ និងលើកគម្រោងផែនការអនុវត្តការងារសាងសង់ច្រាំងទន្លេឆ្នាំ២០២៦ និងផែនការ ៣ឆ្នាំរំកិល នៅសាលប្រជុំនៃទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។
ឯកឧត្តមរដ្ឋលេខាធិការបានជម្រាបឱ្យដឹងថា នៅឆ្នាំ២០២៥នេះ ក្រសួងធនធានទឹកនិងឧតុនិយម តាមរយ:នាយកដ្ឋានជលសាស្រ្ត និងការងារទន្លេ បាននិងកំពុងអនុវត្តការងារសាងសង់ច្រាំងទន្លេចំនួន ៨ទីតាំងផ្សេងគ្នា ក្នុងខេត្តកំពង់ចាមចំនួន ៤ទីតាំង និងខេត្តកណ្តាលចំនួន ៤ទីតាំង ហើយក្រុមការងារនាយកដ្ឋានជលសាស្រ្ត និងការងារទន្លេនឹងខិតខំជំរុញ និងបញ្ចប់ការងារឱ្យសម្រេចតាមផែនការនៅមុនដំណាច់ឆ្នាំ២០២៥នេះ។
ពាក់ព័ន្ធនឹងផែនការឆ្នាំ២០២៦ និងឆ្នាំ២០២៧ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា នាយកដ្ឋានជលសាស្រ្ត និងការងារទន្លេបានកំណត់នូវទីតាំងអាទិភាព និងរៀបចំផែនការរួចរាល់ដើម្បីស្នើសុំគោលការណ៍ឯកភាព។ ឯកឧត្តមរដ្ឋលេខាធិការមានប្រសាន៍បញ្ជាក់បន្ថែមថា ការអនុវត្តការងារសាងសង់ច្រាំងទន្លេ គឺជាវិធានការមួយចាំបាច់ក្នុងការការពារការហូរច្រោះ និងការបាក់ដីច្រាំងដែលបណ្តាលឱ្យខូចខាតនិងបាត់បង់ទ្រព្យសម្បត្តិនានាដូចជាផ្លូវថ្នល់ ផ្ទះសំបែង វត្តអារាម មន្ទីរពេទ្យ និងសាលារៀនជាដើម៕