ឯកឧត្តម ថោង ខុន អញ្ជើញជាអធីបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ បញ្ជាក់ការសិក្សាជូន សិស្ស និស្សិតជំនាញវិជ្ជាជីវៈទេសចរណ៍


កាលពីព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ នៅសាកលវិទ្យាល័យអាស៊ី អឺរ៉ុប មានរៀបចំពិធីប្រគល់វិញ្ញាបនបត្រ បញ្ជាក់ការសិក្សាជូន សិស្ស និស្សិតជំនាញវិជ្ជាជីវៈទេសចរណ៍ សណ្ឋាគារ និងការរៀបចំម្ហូបអាហារ ភេសជ្ជៈជំនាន់ទី១ និងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ទីពីកិច្ចសហប្រតិបត្តិការលើការជម្រុញការបណ្តុះបណ្តាល និងការ អភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍រវាងក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីនៃក្រសួងទេសចរណ៍ និងមានការចូលរួមពីសំណាក់តំណាងប្រតិបត្តិករទេសចរណ៍ ធុរជនក្នុងវិស័យទេសចរណ៍ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិតសរុបប្រមាណ ៤៥០ នាក់។
ជាពិសេសនៅក្នុងពិធីនេះក៍មានការរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហ ប្រតិបត្តិការជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍រវាងក្រសួងទេសចរណ៍ (តំណាងដោយ ឯកឧត្តម ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍) និងសាកលវិទ្យាល័យអាស៊ី អឺរ៉ុប (តំណាងដោយ ឯកឧត្តមបណ្ឌិត ជា សុភាព សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអាស៊ី អឺរ៉ុប) ដែលនេះជាជំហ៊ានថ្មីមួយទៀតនៃការចូលរួមរបស់គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ច និងទេសចរណ៍ សំដៅជម្រុញការអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ឆ្លើយតបទៅនឹងផែនការកំណែទម្រង់វិស័យទេសចរណ៍ ២០១៥-២០១៨ លើការពង្រឹងធនធានមនុស្សក្នុងវិស័យទេសចរណ៍ “បុគ្គលិកម្នាក់ ជំនាញមួយ” ពិសេសការបណ្តុះបណ្តាលអ្នកជំនាញវិជ្ជាជីវៈទេសចរណ៍ស្របតាមស្តង់ដាអាស៊ាន។
ជាមួយគ្នានោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ដែលជាគ្រឹះស្ថានឧត្តមសិក្សាឯកជន ដែលបាន និងកំពុងធ្វើការបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើមុខជំនាញជាច្រើន ជាពិសេសដែលបានពង្រីកឲ្យមានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងបដិសណ្ឋារកិច្ចស្របតាមស្តង់ដាអាស៊ានដល់យុវជនកម្ពុជា ដើម្បីមានសមត្ថភាព និងគុណវុឌ្ឍិតាមស្តង់ដា និងអាចធ្វើការបម្លាស់ទីការងារនៅក្នុងតំបន់អាស៊ាន។
ដើម្បីចូលរួមពង្រឹងការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារទេសចរណ៍ទាំងគុណភាព និងបរិមាណ កន្លងមកក្រសួងទេសចរណ៍បានបង្កើនភាពជាដៃគូជាមួយភាគីគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ប្រមាណជាង ១០ ហើយនៅពេលនេះ ក៏មានការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើការជម្រុញការបណ្តុះបណ្តាល និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ថ្មីមួយបន្ថែមទៀត ដែលនឹងចូលរួមដល់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសការអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ស្របតាមស្តង់ដាអាស៊ាន តំបន់ និងអន្តរជាតិ។
គួររំលឹកថា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ ក្រសួងបានធ្វើការបណ្តុះបណ្តាលបានគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលអាស៊ានបានចំនួន ៣០ នាក់ និងគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលជាតិចំនួន ៥៨៤ នាក់ ព្រមទាំងមានអ្នកជំនាញទេសចរណ៍ប្រមាណ ២០០០ នាក់បានចុះឈ្មោះក្នុងប្រព័ន្ធចុះបញ្ជីអ្នកជំនាញទេសចរណ៍អាស៊ាន។