សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រទាំងស្រុងការយកបញ្ហានៅមុំ៣ បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)


បន្ទាប់ពីសម្តេចធិបតីនាយករដ្ឋមន្រ្តី ចេញសារបញ្ជាក់ថានឹងយកបញ្ហានៅមុំ៣ បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ភ្លាមៗប្រធានព្រឹទ្ធសភានៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រទាំងស្រុងចំពោះវិធានការនេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រសិនភាគីថៃមានចិត្តស្មោះត្រង់ចង់ដោះស្រាយពិតប្រាកដ គួរតែឯកភាពដឹកដៃគ្នាទៅឱ្យតុលាការ ជួយកាត់សេចក្តីតែម្តង មិនចាំបាច់កម្ពុជាប្តឹងនោះទេ។

សាររបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនៅលើបណ្តាញសង្គមផ្លូវការជាមួយខ្លឹមសារទាំងស្រុង ទាំងភាសាខ្មែរ និងភាសាអង់គ្លេស៖

មុននេះបន្តិចនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នឹងយកបញ្ហានៅមុំ៣ បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្តង។

ខ្ញុំគាំទ្រទាំងស្រុង ព្រោះ MOU ឆ្នាំ២០០០ ហាក់ទៅមុខមិនរួចដែលបង្កឲ្យមានភាពមិនច្បាស់លាស់រហូតចោទប្រកាន់គ្នា និងជម្លោះប្រដាប់អាវុធច្រើនដងមកហើយ។ ប្រសិនភាគីថៃមានចិត្តស្មោះត្រង់ចង់ដោះស្រាយពិតប្រាកដ គួរតែឯកភាពដឹកដៃគ្នាទៅឱ្យតុលាការជួយកាត់សេចក្តីតែម្តង មិនចាំបាច់កម្ពុជាប្តឹងនោះទេ។

យើងរង់ចាំមើលឥរិយាបទរបស់ថៃលើចំណុចនេះ តើហ៊ាន ឬមិនហ៊ាន?។ ក្នុងពេលរង់ចាំការដោះស្រាយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវមានការអត់ធ្មត់ តែក៏ត្រូវត្រៀមខ្លួនវាយបកគ្រប់ទម្រង់នៃការឈ្លានពាន។