អភិបាលរាជធានីភ្នំពេញ បន្តដឹកនាំអាជ្ញាធរមូលដ្ឋានខណ្ឌ និងមន្ទីរជំនាញ ចុះពិនិត្យមើលលូ ប្រឡាយ និងស្ថានីយ៍បូមទឹក ក្នុងភូមិសាស្ត្រខណ្ឌដង្កោ និងខណ្ឌមានន័យ ដើម្បីធ្វើយ៉ាងណាឱ្យចរន្តទឹកហូរបានលឿន


(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំអាជ្ញាធរមូលដ្ឋានខណ្ឌ និងមន្ទីរជំនាញ ចុះពិនិត្យមើលលូ ប្រឡាយ និងស្ថានីយ៍បូមទឹក ក្នុងភូមិសាស្ត្រខណ្ឌដង្កោ និងខណ្ឌមានន័យ ដើម្បីធ្វើយ៉ាងណាឱ្យចរន្តទឹកហូរបានលឿន បញ្ជៀសបាននូវការជនលិចដោយជំនន់ទឹកភ្លៀង ជូនប្រជាពលរដ្ឋ នារដូវវស្សានេះ។

ឯកឧត្តម ឃួង ស្រេង បានចុះពិនិត្យការស្តារប្រឡាយភូមិម័រ ចាប់ពីប្រឡាយលូប្រាំ រហូតដល់ស្ឋានីយ៍បូមទឹកបឹងទំពុន ពិនិត្យការស្តារប្រឡាយបឹងទំពុន រហូតមកដល់ផ្លូវ៦០ម៉ែត្រ ឆ្ពោះទៅស្ទឹងជ្រៅ បន្តចុះពិនិត្យប្រឡាយបឹងជើងឯក ត្រង់ចំណុចប្រសប់ជាមួយមហាវិថីឈុន គង់ ខណៈទីតាំងនេះ កំពុងសាងសង់ស្ពានឆ្លងកាត់។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ការចុះពិនិត្យមើលប្រឡាយលូខាងលើនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញឱ្យ អាជ្ញាធរខណ្ឌទាំង២ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ស្តារប្រឡាយភូមិម័រ ចាប់ពីប្រឡាយលូប្រាំរហូតដល់ស្ឋានីយ៍បូមទឹកបឹងទំពុន ទៅផ្លូវ៦០ម៉ែត្រ ឆ្ពោះទៅស្ទឹងជ្រៅឱ្យបានលឿន ដើម្បីធានាឱ្យទឹកហូរពីភាគខាងត្បូង រាជធានីភ្នំពេញ ឆ្ពោះទៅកាន់ស្ទឹងជ្រៅបានលឿន។

បន្ថែមពីនេះទៀត ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានជម្រុញឱ្យអាជ្ញាធរខណ្ឌមានជ័យ និងខណ្ឌដង្កោ បន្តការដោះស្រាយផលប៉ៈពាល់ ប្រឡាយភូមិម័រដែលនៅសល់សល់ ពីការដោះស្រាយផលប៉ះពាល់របស់គណៈកម្មាធិការ អន្តរក្រសួងឱ្យបានរួចរាល់ ដើម្បីឱ្យក្រុមការងារអាចដាក់គ្រឿងចក្រចូលស្តារប្រឡាយនេះ បានទៅតាមទំហំនៃប្លង់ប្រឡាយលូ ក្នុងរាជធានីភ្នំពេញ។

ជាងនេះទៅទៀតឯកឧត្តម ឃួង ស្រេង បានជំរុញឱ្យការសាងសង់ស្ថានីយ៍បូមទឹកលូប្រាំ និងស្ថានីយ៍បូមទឹកបឹងទំពុន ឱ្យបានលឿន និងរួចរាល់នៅក្នុងខែកក្កដាខាងមុខនេះ ដើម្បីបានប្រើប្រាស់ដោះស្រាយបញ្ហាទឹកលិច លង់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា បើតាមគម្រោងស្ថានីយ៍បូមទឹកលូប្រាំ និងរួចរាល់នៅចុងខែមិថុនានេះ ហើយស្ថានីយ៍បូមទឹកបឹងទំពុនថ្មី ដែលសាងសង់បន្ថែមរួចរាល់ ហើយដាក់ឲ្យដំណើរការបាននៅថ្ងៃទី១៥ កក្កដានេះ។

នាព្រឹកដដែលលោកអភិបាលរាជធានីភ្នំពេញ បានបន្តចុះពិនិត្យប្រឡាយបឹងជើងឯក ត្រង់ចំណុចប្រសប់ជាមួយមហាវិថីឈុនគង់ ដែលទីតាំងនេះ ក្រុមការងារបាននិងកំពុងតែសាងសង់ស្ពាន ដោយខណៈនោះ លោកអភិបាលបានណែនាំឲ្យការដ្ឋានកាយភក់ប្រឡាយឲ្យបានធំ ដើម្បីឲ្យទឹកហូរបានលឿន៕