លោកជំទាវ ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធី បុណ្យពុទ្ធសាសនានៅមជ្ឈមណ្ឌលពិព័ណ៌កោះពេជ្រ


លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យពុទ្ធសាសនានៅមជ្ឈមណ្ឌល ពិព័ណ៌កោះពេជ្រ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧។
ឆ្លៀតក្នុងឱកាសនោះលោកជំទាវក៏បានមានប្រសាសន៍ថា ៖ កម្ពុជាបច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាជាចក្រកម្ពុជា បានដឹកនាំប្រទេសពីបាតដៃទទេរហូតដល់មាន ការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអណាចក្រ ក្នុងនោះវិស័យព្រះពុទ្ធសាសនា ក៏មានការរីកចម្រើនគួរ ឲ្យកត់សម្គាល់ផងដែរ។
លោកជំទាវក៏បានថ្លែងកោតសសើរ”និងថ្លែងអំណរគុណដល់អ្នកឧកញ៉ាពុង ឃាវសែ ប្រធានសមាគមខ្មែរ-ចិននៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តួចផ្តើមគំនិតជាមួយសមាគមព្រះសង្ឃខ្មែរ-ចិនពិភពលោក ដែលពិធីនេះត្រូវបានរៀបចំជាលើកដំបូងនៅរាជធានីភ្នំពេញ និងដោយមានព្រះសង្ឃជាង ១០០អង្គ និមន្តមកពីសំណាក់ព្រះសង្គកម្ពុជា និងបណ្តាប្រទេសផ្សេងៗរួមមាន ចិន កាណាដា វៀតណាម តៃវ៉ាន់ ហុងកុងផងដែរ។ ពិធីបុណ្យនេះមានគោលបំណងឧទ្ទិសមគ្គផលកុសលជូនទៅជីដូន ជីតា បុព្វការីជន គ្រូបាអាចារ្យ សាច់សាលោហិតនិងបងប្អូនញាតិកាទាំងប្រាំពីរសន្តានដែលបានស្លាប់បាត់បង់ជីវិតកាលពីសម័យរបប ប៉ុល ពត ដោយសារការកាប់សម្លាប់របស់បនប្រល័យពូជសាសន៍ក្តី និងសម័យក្រោយៗមកទៀត និងគ្រោះថ្នាក់នៅកោះពេជ្រនេះក្តី ក៏សូមបួងសួងឱ្យដួងព្រលឹងអ្នកទាំងនោះបានរួចរំដោះចាកផុតកងទុក្ខទាំងពួង និងបានទៅកាន់សុគតិឋានកុំបីអាក់ខានឡើយ។
លោកជំទាវក៏បានបួងសួងសុំឲ្យពិភពលោក ជាពិសេស ព្រះរាជាណាចក្រកម្ពុជាសូមទទួលបាន នូវការអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយក៏សូមឲ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្រ្តីរាជការ ប្រជាពលរដ្ឋទូទាំងប្រទេស ជួបប្រទះតែនឹងសេចក្តីសុខ សេចក្តីចម្រើនគ្រប់ពេលវេលា៕