(គួយលីង-ចិន)៖ ឯកឧត្តមឧត្តមសេនីយ៍ឯក សៀក សុជាតិ រដ្ឋលេខាធិការ ក្រសួងការពារជាតិ តំណាង ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ សៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ ដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ ចូលរួមប្រជុំកិច្ចពិភាក្សាការងារជាមួយលោក Zhang Wentao សាកលវិទ្យាធិការ និងសាស្ត្រាចារ្យមកពីគ្រប់បណ្តាមហាវិទ្យាល័យទាំងអស់ នៃសាកលវិទ្យាល័យគួយលីន អេឡិចត្រូនិច តិចណូឡូជី នៃសាធារណរដ្ឋប្រជាមានិតចិន។
កិច្ចប្រជុំនេះដើម្បីពិភាក្សាការងារ និងផ្លាស់ប្តូរបទពិសោធន៍ស្តីពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប និងបញ្ញាសប្បនិមិត្ម ផ្នែកសន្តិសុខការពារព្រំដែនឆ្លាតវៃ នៅសាកលវិទ្យាល័យគួយលីង អេឡិចត្រូនិច តិចណូឡូជី ទីក្រុងគួយលីង នៃសាធារណរដ្ឋប្រជាមានិតចិន។
នៅក្នុងកិច្ចពិភាក្សា.គណៈប្រតិភូក៏បានស្តាប់បទបង្ហាញ និងបទពិសោធន៏ការងាររបស់សាកលវិទ្យាល័យពាក់ព័ន្ធនឹងសមត្ថភាពក្នុងការបង្ការ ទប់ស្កាត់ ការពារ និងកំណត់គោលដៅ និងអត្តសញ្ញាណដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបញ្ជាបែបទំនើបនិងវៃឆ្លាត ដើម្បីការពារ គ្រប់គ្រង ពិនិត្យស្ថានភាពនិងទីតាំងកំណត់ជាក់លាក់ណាមួយប្រកបដោយប្រសិទ្ធភាព និងការចូលរួមចែករំលែកបទពិសោធន៍របស់សាកលវិទ្យាល័យទាំងក្នុងកម្រិតថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ ផងដែរ។
ជាបទពិសោធន៏ដ៏ល្អនេះ សម្រាប់កម្ពុជាក្នុងការធ្វើទំនើបកម្មកងទ័ព សន្តិសុខព្រំដែនឆ្លាតវៃ ស្របនឹងបរិយាកាសសម័យបច្ចេកវិទ្យាទំនើប។ ជាលទ្ធផល កិច្ចពិភាក្សាបានដំណើរការរលូន និងប្រកបដោយប្រសិទ្ធភាព និងភាគីទាំងពីរបានឯកភាពក្នុងការបន្តការផ្លាស់ប្តូរបទពិសោធន៍ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះ អោយកាន់តែល្អ និងរីកចម្រើនបន្ថែមទៀត៕