ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាល​ និង​ពិនិត្យ​ផ្ទៀងផ្ទាត់​បញ្ជី​ឈ្មោះ​របស់​មេក្រុម​បក្ស​ នៅឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង


នាព្រឹកថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ ប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​កំពង់ត្រឡាច​ បានអញ្ជើញសំណេះសំណាល​ និង​ពិនិត្យ​ផ្ទៀងផ្ទាត់​បញ្ជី​ឈ្មោះ​របស់​មេក្រុម​បក្ស​ នៅឃុំច្រេស រួមមានភូមិត្រពាំងភ្លៅ ភូមិក្បាលដំរី​ភូមិប្របផ្ទះ​ ភូមិច្រមុះជ្រូក​ ភូមិចក​ និងភូមិដកស្អិត សរុបចំនួន ១៤៨នាក់ ដែលប្រារព្ធធ្វើឡើងនៅសាលាបុណ្យភូមិក្បាលដំរី ភូមិក្បាលដំរី ឃុំច្រេសស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ពិធីសំណេះសំណាលនោះផងដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធាន​ក្រុមការងារចុះមូលដ្ឋាន​ឃុំ​ច្រេស​ លោក លោកស្រីក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រឡាច លោក សមាជិក​ សមាជិកា​គណៈកម្មាធិការ​គណបក្ស​ស្រុក​កំពង់​ត្រឡាច​ និង​ឃុំ​ច្រេស​ផង​ដែរ​។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ក៏បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមបណ្ឌិត បានបន្តថាថ្នាក់ដឹកនាំប្រទេស ជាពិសេសសម្តេចទាំងពីរ តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនប្រកាន់នូវពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡេីយ។

ទន្ទឹមនឹងនោះដែរ ឯកឧត្តមបណ្ឌិត បានកោត​សរសើរ​ និង​វាយតម្លៃខ្ពស់ចំពោះ​គណៈកម្មាធិការ​គណបក្ស​ឃុំច្រេស ដែល​តែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋមានទុក្ខលំបាក ដោយកៀរគរសម្ភារៈ ថវិកាពីសប្បុរសជនមកជួយឧបត្ថម្ភ​ ដេីម្បី​ជួយ​សម្រាល​បន្ទុក​បាន​មួយ​គ្រា​ផងដែរ។ ឯកឧត្តមបណ្ឌិត ក៏បានលើកទឹកចិត្តដល់ក្រុមការងារចុះមូលដ្ឋានឃុំ គណៈកម្មាធិការ​គណបក្ស​ឃុំ​ ត្រូវកៀរគរធនធាន​ទាំង​សម្ភារៈ​ និង​ថវិកា​បន្ថែមទៀត ដើម្បីឱ្យ​សកម្មភាព​សប្បុរសធម៌​នេះកាន់តែផុសផុល។ ជាមួយគ្នានោះដែរ​ ឯកឧត្ដមបណ្ឌិត បានណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់​ ត្រូវ​បង្កើតកម្មវិធីចុះតាមសាលាបឋមសិក្សានៅមូលដ្ឋានឃុំ ដោយបង្ហាត់​បង្រៀន​ និង​​ពន្យល់​ពីការសម្អាតអនាម័យខ្លួនប្រាណ និង​ជួល​ជាង​កាត់សក់ កក់សក់ កាត់ក្រចក​ឱ្យ​ក្មេង​ៗទាំង​នោះ និងជាពិសេសណែនាំដល់ក្មេងៗមិនត្រូវទទួលទានភេសជ្ជៈ ឬអាហារកំប៉ុងដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពនៅថ្ងៃមុខ។

ពិធីសំណេះសំណាលនោះ ឯកឧត្តមបណ្ឌិត បានចូលរួមថវិកាមួយចំនួន សម្រាប់ចំណាយលើអាហារសាមគ្គី ក្នុងនោះ​ ឯកឧត្តមវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ក៏បានឧបត្ថម្ភប្រជាពលរដ្ឋដែលមកចូលរួម ក្នុងម្នាក់ៗថវិកាចំនួន​ ១០,០០០​ រៀល ចុងបញ្ចប់នៃពិធី ក៏មានការទទួលទានអាហារសាមគ្គីដោយក្ដីសប្បាយរីករាយ៕