(ត្បូងឃ្មុំ)៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក៥ មិថុនា ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅក្រោមប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក» គឺសមស្របទៅនឹងបរិបទរបស់ពិភពលោក ដែលកំពុងប្រឈមនឹងការកើនឡើងនៃសំណល់ប្លាស្ទិក និងការបំពុលដោយប្លាស្ទិក។
ឯកឧត្តម ខ្វៃ អាទិត្យា ក៏បានរម្លឹកប្រាប់ទៅប្រជពលរដ្ឋពីផលប៉ះពាល់បណ្តាលមកពីការបំពុលប្លាស្ទិក មានជាតិគីមីខ្ពស់ ជាភ្នាក់ងារបង្កើតមេរោគ និងជំងឺមហារីកដល់សុខុមាលភាពរបស់មនុស្ស សត្វ និងបរិស្ថាន។
ការថ្លែងបែបនេះរបស់អ្នកនាំពាក្យក្រសួងបរិស្ថាន បានធ្វើឡើងនៅក្នុងពីធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា រៀបចំឡើងដោយមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃចន្ទទី៩ ខែមិថុនា ឆ្នាំ២០២៥ នៅវិទ្យាល័យ ហ៊ុន សែន ពាមជាំង ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថាប្រធានបទនេះ ពិតជាបានឆ្លុះបញ្ចាំងពីការពិត និងការព្រួយបារម្ភរបស់ពិភបលោកចំពោះបញ្ហាប្លាស្ទិក ប្រសិនបើគ្មានវិធានការប្រកបដោយនិរន្តភាពនោះទេ គេរំពឹងថា បរិមាណសំណល់ប្លាស្ទិក ដែលហូរចូលទៅក្នុងប្រព័ន្ធអេកូឡូស៊ី ក្នុងទឹក នឹងកើនឡើងជិតបីដង ប្រមាណ២៩លានតោន ក្នុងឆ្នាំ២០៤០។
ឯកឧត្តមបានបញ្ជាក់ថា ការបំពុលដោយប្លាស្ទិក បានប៉ះពាល់ដល់សុខុមាលភាពរបស់មនុស្ស សត្វ និងបរិស្ថាន ក្នុងនោះប្លាស្ទិកហូរចូលទៅសមុទ្រ នៅឆ្នាំ២០៥០ នឹងមានចំនួនច្រើនជាងត្រីនៅក្នុងសមុទ្រ។ ដោយឡែកការដុតសំណល់ប្លាស្ទិកនៅទីវាល បានបង្កឱ្យមានផលប៉ះពាល់ដល់ស្រទាប់អូហ្សូន និងសុខភាពមនុស្ស គឺនៅពេលដកដង្ហើម ដូចជា ជំងឺមហារីក ជំងឺផ្លូវដង្ហើម។ ផ្សែងដែលហុយពីថង់ប្លាស្ទិកទាំងនោះ មានជាតិគីមីខ្ពស់ប្រភេទ ដែលជាភ្នាក់ងារបង្កើតមេរោគ និងជំងឺមហារីក។
ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក ឯកឧត្តមអនុរដ្ឋលេខាធិការ បានសំណូមពរ ឱ្យប្រជាពលរដ្ឋមានការប្តេជ្ញាចិត្ត និងចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្នុងនោះការអនុវត្តវិធី៤R ជាចាំបាច់ គឺចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក សូមធ្វើការប្រើប្រាស់ឡើងវិញកុំប្រើប្លាស្ទិកតែ១ដងបោះចោល ធ្វើការកែច្នៃនិងផលិតជាសម្ភារប្រើប្រាស់ឡើងវិញ និងទាញយកចំណូលពីពីប្លាស្ទិក និងធ្វើការបដិសេធមិនប្រើប្រាស់ប្លាស្ទិកប្រចាំថ្ងៃ។
ក្នុងឱកាសនោះ អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ក្រោមម្លប់សន្តិភាព ការឯកភាណជាតិ និងឯកភាពទឹកដី កើតចេញពីការយកអាយុជីវិតធ្វើដើមទុន ស្មោះត្រង់ចំពោះជាតិនិងប្រជាជនកម្ពុជា របស់ឥស្សរជនជាន់ខ្ពស់ ជាពិសេសការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបដីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តាមរយៈនយោបាយឈ្នះឈ្នះ វិស័យបរិស្ថាន ត្រូវបានទទួលការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋន្រ្តីនៃកម្ពុជា ដោយមានកិច្ចសហប្រិបត្តិការ យ៉ាងល្អនិងជិតស្និទពីក្រសួង ស្ថាប័នពាក់ប័ន្ធ និងដៃគូអភិវឌ្ឍន៍ ព្រមទាំងមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ លើការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលសេដ្ឋកិច្ចខ្ពស់ ប្រទេសមានគម្របបៃតងកើនឡើង និងជាប្រទេសអព្យាក្រឹតកាបូន។
ក្នុងឱកាសនោះ ឯកឧត្តម ខ្វៃ អាទិត្យា បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត ក្រុងស្រុក និងអាជ្ញាធរមូលដ្ឋានទាំងអស់ អង្គការ សមាគម ដៃគូសហការ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋ ដែលបានផ្តល់កិច្ចសហការល្អ អនុវត្តយុទ្ធនាការជាជំហានៗ ដូចជាយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» យុទ្ធនាការ «ផ្លូវជាតិ គ្មានសំរាម និងសំណល់ប្លាស្ទិក» និងយុទ្ធនាការផ្សេងទៀត របស់ក្រសួងបរិស្ថាន ដែលបានដាក់ចេញដោយយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបង្កើតឡើងស្របជាមួយ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សំដៅធ្វើឱ្យកម្ពុជាស្អាត មានភាពបៃតង និងមានការអភិវឌ្ឍន៍ដោយចីរភាព។
លោក នី សុធី ប្រធានមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ បានឱ្យដឹងថា នៅក្នុងពិធីអបអរសាទរទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក ៥ មិថុនា នៅខេត្តត្បូងឃ្មុំ គណៈអធិបតីបានប្រគល់កូនឈើជានិមិត្តរូប ដល់មន្ទីរបរិស្ថានខេត្ត រដ្ឋបាលស្រុកអូររាំងឪ ជូនទៅមូលដ្ឋាន និងសាលារៀនមួយចំនួន។ បន្ទាប់មកប្រតិភូ ក្រុមការងារ រួមជាមួយសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងអ្នកចូលរួម បានចេញរើសសំរាម សំណល់ប្លាស្ទិក នៅតាមមូលដ្ឋាន និងតាមផ្លូវ ដើម្បីទុកដាក់ឱ្យបានត្រឹមត្រូវ ដើម្បីបណ្តុះគំនិតស្អាត ឆ្ពោះទៅមានទម្លាប់ស្អាតជានិរន្តរ៍៕