(កណ្តាល)៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៥ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានស្នើដល់អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំបង្ក្រាប និងទប់ស្កាត់បទល្មើសគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទឱ្យអស់ពីមូលដ្ឋាន។
ចំពោះអ្នកប្រើប្រាស់គ្រឿងញៀន ដែលចាប់បានត្រូវបញ្ជូនទៅមណ្ឌលកែប្រែ និងបន្សាបគ្រឿងញៀន ជាពិសេសក៏ត្រូវជំរុញឱ្យអ្នកញៀនគ្រឿងញៀនទៅរកសេវាព្យាបាល នៅមន្ទីរពេទ្យផងដែរ។
ឯកឧត្តម គួច ចំរើន បានជំរុញឱ្យមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវចូលរួមប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ NoDrug និងជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីAppនេះ ទៅស្រទាប់មហាជន ពិសេសយុវជន ឱ្យចេះប្រើកម្មវិធីនេះគ្រប់ៗគ្នា ដើម្បីចូលរួមចំណែក បង្គាប់ទប់ស្កាតការប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទនៅតាមមូលដ្ឋានបានកាន់តែមានប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា តាមរយៈការជួយរាយការណ៍មកកាន់សមត្ថកិច្ច ស្ដីពីការចរាចរគ្រឿងញៀន ការសេពគ្រឿងញៀន ឬក៏ប្រទះឃើញជនដែលមានពាក់ព័ន្ធនឹងគ្រឿងញៀនដោយប្រើប្រាស់កម្មវិធីនេះ។
ឯកឧត្តម អភិបាកខេត្ត ក៏បានជំរុញ ទៅដល់អាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចគ្រប់លំបាក់ថ្នាក់ ត្រូវតែបន្តយកចិត្តទុកដាក់ និងមានវិធានការតឹងរឹងទៅលើបញ្ហាក្មេងទំនើងនៅតាមមូលដ្ឋាន ដោយប្រើប្រាស់វិធានការផ្សព្វផ្សាយអប់រំណែនាំ និងវិធានការរដ្ឋបាល ហើយករណីចាប់បានក្មេងទំនើង ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅដល់មហាជនបានដឹង អំពីសកម្មភាពដាក់វិន័យដល់ក្មេងទំនើង។
បន្ថែមពីលើនេះ ឯកឧត្តម អភិបាលខេត្ត បានលើកទឹកចិត្តទៅដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងបង្ក្រាប់ល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធ online ឱ្យអស់ពីមូលដ្ឋាន ពេលបង្ក្រាបបានហើយត្រូវតាមជាប្រចាំធ្វើយ៉ាងណាកុំឱ្យបើកឡើងវិញបន្តទៀត។ ត្រូវបន្តខិតខំយកចិត្តទុកដាក់ទៅលើបញ្ជាគ្រោះថ្នាក់ ចរាចរណ៍ ដែលកំពុងតែកើនឡើង ដោយប្រើវិធារការច្បាប់ និងមានការផាក់ពិន័យ។ ក្នុងរដូវវស្សានេះ អាជ្ញាធរក្រុង-ស្រុកទាំងអស់ ត្រូវតែត្រៀមរៀបចំផែនការជួយសង្គ្រោះ និងដោះស្រាយបញ្ហាទឹកជំនន់ ខ្យល់កន្ត្រាក់ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើបំផុត។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម អភិបាលខេត្តកណ្ដាល បានធ្វើការអំពាវនាវ ទៅដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមតាមដានព័ត៌មានទាក់ទងទៅនិងបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ សូមជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានេះបាន។ សូមជួយផ្ដល់ការគាំទ្រទៅដល់កងទ័ពជួរមុខទាំងសុំភារៈថវិកា និងស្មារតី៕
