ភ្នំពេញ ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញបាន ស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញ បន្តចាត់វិធានការចំពោះក្មេងទំនើង ដែលបំពាក់បំពង់ស៊ីម៉ាំងធំៗលើម៉ូតូឡាន បង្កសំឡេងរំខាន ដល់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។
ការស្នើសុំរបស់សមាជិក ក្រុមប្រឹក្សារាជធានីភ្នំពេញបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ។
ក្នុងនោះដែរ សមាជិកក្រុមប្រឹក្សា និងប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងនូវការកោតសរសើរ ចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការកសាងអភិវឌ្ឍន៍រាជធានីភ្នំពេញ ឱ្យមានការអភិវឌ្ឍរីកចម្រើនជាមួយនឹងការពារសន្តិសុខ សុវត្ថិភាពបានយ៉ាងល្អប្រសើរ ដែលធ្វើឱ្យបទល្មើសក្នុងខែឧសភាកន្លងមកនេះ មានការថយចុះ ពោលគឺបទល្មើសព្រហ្មទណ្ឌកើតមាន ៣៧លើក/ ៤៩លើក ថយចុះ ១២លើក។
ក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែន រវាងប្រទេសកម្ពុជា និងថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី ការប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ ICJ ។
ជាការឆ្លើយតប ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ពាក់ព័ន្ធនឹងការបំពងសំឡេងស៊ីម៉ាំងម៉ូតូឡាន រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តការងារនេះច្រើនហើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ នឹងមានវិធានការ ចំពោះការបំពងសំឡេងរំខាន ដោយស៊ីម៉ាំងម៉ូតូនិងរថយន្តទាំងនេះ។ ការងារចំពោះមុខ ត្រូវបង្កើននូវការផ្សព្វផ្សាយ ដើម្បីឲ្យពួកគាត់យល់ដឹងពីការរំខាន ដោយសំឡេងស៊ីម៉ាំងម៉ូតូ ឡានទាំងនេះ។
ជាមួយគ្នានោះ ឯកឧត្តម ឃួង ស្រេង ក៏បានជំរុញឲ្យអាជ្ញាធរកងកម្លាំង មានសមត្ថកិច្ចបន្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសរថយន្តដឹកធ្ងន់ដែលដាក់វាំងននបិទជិត បង្កហានិភ័យច្រើនដល់គ្រោះថ្នាក់ចរាចរណ៍ ដោយផ្សព្វផ្សាយ អប់រំឱ្យច្រើនជាងការផាកពិន័យ។
ពាក់ព័ន្ធនឹងសំណល់រឹង សំរាមនៅក្នុងរាជធានីភ្នំពេញ ឯកឧត្តម អភិបាលរាជធានី បានគូសបញ្ជាក់ថា បើទោះបីការដឹកជញ្ជូន ការប្រមូល ទុកដាក់សំរាម មានភាពល្អប្រសើរហើយក្តី ប៉ុន្តែក៏នៅមានបញ្ហាចន្លោះប្រហោងខ្លះ ដែលត្រូវតែបន្តអនុវត្តឱ្យកាន់តែល្អប្រសើរថែមទៀត។
ជាមួយគ្នានោះ ឯកឧត្តម ឃួង ស្រេង ក៏បានធ្វើការអំពាវនាវ ឱ្យមន្ត្រីរាជការទាំងអស់ ចូលរួមលើកទឹកចិត្តដល់កងកងទ័ពជួរមុខ ដែលកំពុងតែឈរជើងការពារព្រំដែន តាមរយៈការជួយឧបត្ថមជាថវិកា គ្រឿងឧបភោគបរិភោគ ជូនពួកគាត់ ទោះតិចឬច្រើនក្តី ។ បន្ថែមពីនេះទៀត ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី បានណែនាំឱ្យមន្ត្រី ខណ្ឌ សង្កាត់ អង្គភាពនានា ជួយស៊ែរផេក របស់ថ្នាក់ដឹកនាំឱ្យបានគ្រប់គ្នា ដូចជាផេករបស់សម្ដេចតេជោ ហ៊ុន សែន ផេករបស់ សម្តេចមហាបវរអធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាដើម ដើម្បីបង្ហាញឲ្យឃើញពីទឹកចិត្តរួមគ្នា ដើម្បីជាតិតែមួយ៕

