សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសថា កម្ពុជាបានបញ្ជូនលិខិតជាផ្លូវការ ទៅ ICJ ហើយ ដែលចំនឹងខួប៦៣ឆ្នាំ ដែលកម្ពុជាឈ្នះថៃ លើសំណុំរឿងប្រាសាទព្រះវិហារ


សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា កម្ពុជាពេលនេះ បានបញ្ជូនលិខិតជាផ្លូវការ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយ ដែលការបញ្ជូននេះ ចំនឹងខួប៦៣ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិ កាត់សេចក្តី ឱ្យកម្ពុជាឈ្នះថៃ នៅក្នុងសំណុំរឿងប្រាសាទព្រះវិហារតែម្ដង។

តាមបណ្ដាញសង្គមនៅថ្ងៃនេះ សម្ដេចនាយករដ្ឋមន្ត្រីបានលើកឡើងទាំងស្រុងដូច្នេះថា៖

«កម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិ និង សន្តិភាព។

ថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។

គាប់ជួនផងដែរ កាលពី ៦៣ឆ្នាំមុន នៅថ្ងៃទី១៥ មិថុនា ១៩៦២ គឺជាថ្ងៃប្រវត្តិសាស្ត្រដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចឲ្យកម្ពុជាឈ្នះលើរឿងក្តីប្រាសាទព្រះវិហារ។

ទោះបីជាព្រឹត្តិការណ៍ទាំងពីរនេះកើតឡើង ៦៣ឆ្នាំខុសពីគ្នាក៏ពិតមែន ប៉ុន្តែស្មារតីនិងគោលបំណងគឺដូចគ្នា ÷ គឺកម្ពុជាជ្រើសរើសយកការដោះស្រាយ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ តាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ ICJ សម្រាប់ការដោះស្រាយបញ្ហាព្រំដែននៅតំបន់ដែលមានលក្ខណៈស្មុគស្មាញខ្លាំង និងមានហារនិភ័យខ្ពស់នៃជម្លោះប្រដាប់អាវុធ ហើយដែលយន្តការទ្វេភាគីមិនអាចដោះស្រាយចប់ ដូចជានៅតំបន់ប្រាសាទព្រះវិហារកាលពីជាង៦០ឆ្នាំមុន និងតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នាពេលបច្ចុប្បន្ន។

កម្ពុជាត្រូវការតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ ក្នុងការកំណត់ខ្សែរព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកុំអោយកូនចៅជំនាន់ក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នា។

សូមបងប្អូនជនរួមជាតិទាំងអស់ ផ្ដល់ការទុកចិត្តមកលើរាជរដ្ឋាភិបាល ក្នុងការខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះប្រកបដោយឆន្ទៈនិងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជនកម្ពុជា»៕