ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាឱកាសដឹកនាំក្រុមការងារទៅកាន់តំបន់ព្រំដែនឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់នឹងខេត្តត្រាត ប្រទេសថៃ ដើម្បីពិនិត្យស្ថានភាពតាមតំបន់ព្រំដែន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តមបានបញ្ជាក់ជូនអំពីការត្រៀមកម្លាំងសរុប មធ្យោបាយសរុប ព្រមទាំងស្បៀង និងទីតាំងសុវត្ថិភាព ដើម្បីជម្លៀសប្រជាពលរដ្ឋ ចេញពីតំបន់ព្រំដែន ឃុំថ្មដា ស្រុកវាលវែង ក្នុងករណីចាំបាច់ណាមួយកើតឡើង។
គួរជម្រាបជូនថា ស្ថានភាពតានតឹង នៅតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ ហាក់កើនកម្ដៅបន្ទាប់ពីកម្ពុជាបានប្រើប្រាស់វិធានការឆ្លើយតបទៅភាគីថៃ តាមការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ ទាក់ទងនឹងវិវាទព្រំដែនជាមួយថៃ នៅតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី ដែលកម្ពុជាគ្រោងនឹងរៀបចំឯកសារប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
យ៉ាងណាមិញចំពោះបញ្ហាព្រំដែន កម្ពុជា-ថៃ នៅតំបន់ឃុំថ្មដា ហាក់មិនទាន់មានបញ្ហាធំនៅឡើយទេ នេះដោយសារតែភូមិសាស្ត្ររដ្ឋបាលឃុំថ្មដា អំណោយផលខ្ពស់ ហើយឃុំថ្មដាពុំទាន់មានច្រកតំបន់ ឬច្រកអន្តរជាតិនៅឡើយដែរ ពោលគឺមានតែច្រករបៀង ឬថៃហៅថាច្រកធម្មជាតិ។
តែបើទោះបីជាយ៉ាងណាក្តី នេះគឺដំណាក់កាល ដែលបងប្អូនជនរួមជាតិត្រូវរួបរួមសាមគ្គីគ្នា ត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋយើង ក្នុងករណីមានហេតុការកើតឡើងជាយថាហេតុ ដើម្បីជួយអន្តរាគមន៍បានទាន់ពេលវេលា ហើយយើងក៏ត្រូវនាំគ្នាផ្តល់ការលើកទឹកចិត្តគ្រប់បែបយ៉ាង ដល់វរកងទ័ពនៅសមរភូមិមុខផងដែរ៕