ក្រសួងការងារ៖ សូមកុំបារម្ភ ឱកាសការងារនៅកម្ពុជារាប់សិបម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនខ្មែរមកពីថៃ


គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ឱកាសការងារមានរាប់សិបម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនដែលជាពលករមកពីប្រទេសថៃ។ ជាក់ស្តែង ខេត្តកំពង់ស្ពឺ មានឱកាសការងារ ៥៨, ៧២៦នាក់ ខេត្តកណ្តាលមាន ៨,៥៣២កន្លែង ខេត្តកំពង់ឆ្នាំមាន ១២, ៣៧១កន្លែង ខេត្តកោះកុងមាន ៧,៧០០កន្លែង ខណៈខេត្តតាកែវមាន ១៤,០០០កន្លែង ខេត្តកំពង់ចាមមាន ១,៩០០ កន្លែង ខេត្តក្រចេះមាន ៦,២៧៦ កន្លែង ខេត្តស្វាយរៀងមាន ២៦,០៤៤ កន្លែង ខណៈរាជធានីភ្នំពេញមានចំនួន ១៦,៨៤៦ កន្លែង។ នេះគឺជាការបញ្ជាក់ពី ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ជាមួយគ្នានេះ ឯកឧត្តម ស៊ុន មេសា បានសង្កត់ធ្ងន់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការជូនរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីជួយរកការងារធ្វើ និងត្រៀមផ្តល់ការបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈដោយឥតគិតថ្លៃ និងផ្តល់ប្រាក់ឧបត្ថមសម្រាប់ពលករដែលមកពីគ្រួសារក្រីក្រប្រកបដោយការទទួលខុសត្រូវខ្ពស់៕