វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ សហការជាមួយរដ្ឋបាលខេត្ត ប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥


ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត (PTB) នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅបរិវេណវិទ្យាស្ថានពហុបច្ចេកទេសខេត្ត បានអញ្ជើញជាអធិបតី ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»

លោក ង៉ែត តាត នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងគោលបំណងដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងវិស័យឯកជន ឱ្យបានយល់ដឹងអំពីសារៈសំខាន់បច្ចេកទេសវិជ្ជាវៈ មានជំនាញប្រកបដោយគុណភាព ប្រសិទ្ធិភាព ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ទាំងក្នុង និងក្រៅប្រទេស។

លោកនាយកវិទ្យាស្ថានបន្តថា វិទ្យាស្ថានបច្ចេកទេសខេត្តពោធិ៍សាត់ ផ្តោតសំខាន់បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ១,៥លាននាក់ ជូនដល់យុវជនក្រុមគោលដៅ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ គឺចាប់តាំងពីឆ្នាំ២០២៤ ដល់បច្ចុប្បន្ននេះ បានចុះឈ្មោះចំនួន៣,០៩៦នាក់ និងសិស្សទទួលបានការបណ្តុះបណ្តាល ចំនួន២,១៨១នាក់។ ក្នុងនោះបណ្តុះបណ្តាលតាមសហគមន៍ ចំនួន៥កន្លែងទៀត រួមមាននៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង នៅឃុំស្វាយដូនកែវ ឃុំបឹងកន្ទួត សង្កាត់បន្ទាយដី និងនៅពន្ធនាគារ បានចំនួន១,១០៣នាក់។ សិស្សបញ្ចប់ការសិក្សា ចំនួន១,៥៥០នាក់ កំពុងដាក់ពាក្យ និងរង់ចាំចូលបម្រើការងារ នៅតាមក្រុមហ៊ុន សហគ្រាស និងសិស្សកំពុងសិក្សា ចំនួន៦៣១នាក់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអានសារលិខិតទាំងស្រុង របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ដោយបានលើកឡើងថា កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំឱ្យមានតាមស្ថានភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ទម្រង់ជារយៈពេលខ្លី និងរយៈពេលវែង ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធហើយអាចធ្វើឡើងនៅតាមគ្រឹះស្ថានសិក្សា សហគ្រាស សហគមន៍ និងដោយចល័ត ដើម្បីផ្តល់លទ្ធភាពទទួលបានការបណ្តុះបណ្តាលប្រកបដោយសមធម៌។

រាជរដ្ឋាភិបាលពង្រីកការផ្តល់អាហារូបករណ៍កាន់តែច្រើនឡើង សម្រាប់យុវជនដែលបានបោះបង់ការសិក្សា ប្រជាពលរដ្ឋក្រីក្រ ស្ត្រី ជនពិការ កុមារកំព្រា ជនជាតិដើមភាគតិច ជនងាយរងគ្រោះ និងកម្មករនិយោជិក ជាលទ្ធផល រយៈពេល៥ឆ្នាំចុងក្រោយនេះ មានសិក្ខាកាម សិស្ស និស្សិត និងកម្មករនិយោជិក ឱ្យទទួលជំនាញថ្មី និងលើកកម្ពស់ជំនាញរបស់ខ្លួន ដោយចាប់យកឱកាសការងារល្អៗ ក៏ដូចជាបង្កើតមុខរបរដោយខ្លួនឯង ក្នុងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងជួយលើកស្ទួយសេដ្ឋកិច្ចជាតិបានយ៉ាងច្រើន។

ឯកឧត្តម ខូយ រីដា បានអំពាវនាវដល់គ្រប់អង្គភាពពាក់ព័ន្ធ ឱ្យចូលរួម៖
ទី១៖ បន្តថែរក្សាសន្តិភាព និងស្ថេរភាពនៅកម្ពុជា ដែលជាលក្ខខណ្ឌចាំបាច់ ក្នុងការបន្តការអភិវឌ្ឍមូលធនមនុស្សពោពេញដោយជំនាញ និងសមត្ថភាព ដើម្បីបង្កើនផលិតភាព ភាពប្រកួតប្រជែង កំណើនសេដ្ឋកិច្ចខ្ពស់ ការ បង្កើតការងារថ្មីៗកាន់តែល្អ និងរក្សាការងារដែលមានស្រាប់ សំដៅបន្តលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង។
ទី២៖ បន្តគាំទ្រក្នុងការអនុវត្តគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ ២០១៧-២០២៥ ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យ នៃការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ប្រកបដោយ ចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបថការងារ សីលធម៌វិជ្ជាជីវៈ។
ទី៣៖ អាជ្ញាធរឃុំ-សង្កាត់ ត្រូវបន្តជំរុញលើកទឹកចិត្តដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ និង បង្កើនការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឱ្យមានចំណេះដឹង ជំនាញច្បាស់លាស់ដូចដែលប្រធានបទ នៃទិវាជាតិនេះបានលើកឡើងថា TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន។
ទី៤៖ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន បន្តជួយគាំទ្រ និងពង្រឹងភាពជាដៃគូ រវាងរដ្ឋ និងឯកជន ផ្តល់ឱកាសដល់សិក្ខាកាម សិស្ស និស្សិត បានហាត់ការ និងចុះកម្មសិក្សា មុននឹងឈានចូលទីផ្សារការងារ។
ទី៥៖ មាតាបិតា អាណាព្យាបាល និងអ្នកពាក់ព័ន្ធ បន្តជម្រុញកូនចៅ ឬយុវជន ជាពិសេសយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ ងាយរងហានិភ័យ ចំនួន១,៥លាននាក់ ត្រូវចាប់យកជំនាញវិជ្ជាជីវៈ សម្រាប់អនាគត និងចុះឈ្មោះចូលរៀន។
ទី៦៖ គ្រប់មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិក្ខាកាម សិស្ស និស្សិត មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក ផ្នែកឯកជន អង្គការមិនមែនរដ្ឋាភិបាលដៃគូអភិវឌ្ឍ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការផ្សព្វផ្សាយ ទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥នេះ ឱ្យបានផុលផុស និងឱឡារិកទូទាំងខេត្ត និងប្រទេសតាមប្រព័ន្ធផ្សព្វផ្សាយនានា៕