ឯកឧត្តមវេជ្ជ. សុះ មុះសិន អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយជូនគ្រួសាររងគ្រោះអគ្គិភ័យឆេះផ្ទះចំនួន០២គ្រួសារ ស្មើរនឹង០២ខ្នងផ្ទះ ស្ថិតនៅក្នុងខេត្តកណ្តាល និងខេត្តតាកែវ


ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជានិងជាអនុប្រធានគណៈចលនាសាសនិកឥស្លាម នៃគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយជូនគ្រួសារដែលបានរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ០២គ្រួសារ ស្មើរ០២ខ្នងផ្ទះ នាពេលកន្លងទៅស្ថិតនៅក្នុងភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងភូមិត្រពាំងលើក ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។

ពិធីខាងលើមានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ ឯកឧត្តម លី ស៊ុគ្រី អ្នកតំណាងរាស្រ្តមណ្តលខេត្តតាកែវ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រីអភិបាលរងស្រុក លោកស្រីមេឃុំ អាជ្ញាធរមូលដ្ឋាន រួមទាំងក្រុមការងារ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្ដាល។

ក្នុងឱកាសនោះ ឯកឧត្តមវេជ្ជ.បាននាំប្រសាសន៏ ផ្តាំផ្ញើរសួរសុខទុក្ខ និងចូលរួមសោកស្តាយ ព្រមទាំងអាណិតអាសូរពីសំណាក់ សម្តេចហ្លួងម៉ែ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនចំពោះបងប្អូនដែលរងគ្រោះដោយអគ្គីភ័យ ទាំងពីរគ្រួសារនៅទីនេះ។

ក្នុងឱកាសនោះ ឯកឧត្តម បានលើកឡើងពីបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា ជាមួយថៃ សូមឲ្យប្រជាពលរដ្ឋទាំងអស់ជឿជាក់មកលើរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺធានាសុវត្ថិភាព និងរក្សាការពារបូរភាពទឹកដីកម្ពុជា មិនឲ្យបាត់បង់ឡើយ។ ឥឡូវនេះ រាជរដ្ឋាភិបាល បានដាក់ពាក្យបណ្តឹងទៅតុលាការអន្តរជាតិ ICJ ដើម្បីដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា ជាមួយថៃ រួចរាល់ហើយ។ សម្ដេចមហាបវរធិបតី ក៏បានអំពាវនាវ ឲ្យបងប្អូនពលករនៅប្រទេសថៃ ដែលចង់ត្រឡប់មកប្រទេសកម្ពុជាវិញ គឺអាជ្ញាធរខេត្តដែលនៅជាប់ព្រំដែន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមរៀបចំសម្រាប់បងប្អូន រួចរាល់ហើយ។

ឯកឧត្តម បានបន្តឲ្យដឹងថា សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ដូច្នេះ ហើយសូមបងប្អូនដែលរងគ្រោះ កុំអស់សង្ឃឹមក្នុងជីវិត ត្រូវខំប្រឹងរកស៊ីឡើងវិញ នឹងត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត និងអត្រានុកូលដ្ឋាន ឡើងវិញ បើសិនជាបាត់ ឬក៏ខូចខាត ដោយសារអគ្គិភ័យ និងត្រូវប្រុងប្រយ័ត្នកុំឲ្យមានហេតុការណ៍ នេះកើតឡើងម្ដងទៀត។ ហើយត្រូវឲ្យកូនចៅសិក្សារៀនសូត្រឲ្យបានខ្ពស់ ដើម្បីអនាគតគ្រួសារយើង និងប្រទេសជាតិយើង។

សូមបញ្ជាក់ថា អំណោយដែលចែកជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យទាំង ០២ទីតាំងខាងលើ ក្នុង ០១គ្រួសារទទួលបាន÷
១.អង្ករ ៥០គីឡូក្រាម
២.ត្រីខ ២០កំប៉ុង
៣.មី ០១កេះ
៤. ប្រេងឆា ០៣ដប
៥.មីឡូ ០៣ដប
៦.ឆ្នាំងដាំបាយ ០១
៧.កាំសៀវទឹកអគ្គិសនី ០១
៨.និងថវិកា3.380.700រៀល ស្មើរ€750 ដែលជាជំនួយរបស់អង្គការមុស្លីមហែលហ្វេន នៃប្រទេសអាល្លឺម៉ង់ ផ្ដល់តាមរយៈសមាគមនិស្សិតមុស្លិមកម្ពុជា៕