សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ភារកិច្ចដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្តទាំង៧ ជាប់ព្រំដែនថៃ ផ្តល់សេវា និងការសម្របសម្រួល ចាំបាច់នានា ដល់ពលករខ្មែរ មានបំណងត្រឡប់មកកម្ពុជាវិញ


(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំ​ដល់​ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្តទាំង៧ ជាប់ព្រំដែនថៃ ផ្តល់សេវា និងការសម្របសម្រួលដល់ពលករខ្មែរមានបំណងត្រឡប់មកកម្ពុជា។

តាមរយៈសារសំឡេងផ្សព្វផ្សាយតាមបណ្តាញសង្គមនាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី បានណែនាំទៅឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ប្រាក់ទៅស្ថានកុងស៊ុលខ្មែរនៅ​ប្រទេសថៃ ជួយសម្រួលឯកសារនានា ដែលពលករខ្មែរខ្វះខាតសម្រាប់ឆ្លងដែន​មកកម្ពុជា។

សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានណែនាំទៅឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំផ្តល់ព័ត៌មាន និងភ្ជាប់ការងារជូនដល់ពលករដែលត្រឡប់មកវិញ។

សម្តេចមហាបវរធិបតី ក៏បានណែនាំទៅឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយកអន្តោប្រវេសន៍ និងអភិបាលរាជធានី និងខេត្តជាប់ព្រំដែនថៃ ត្រៀមលក្ខណៈសម្បត្តិក្នុងការដឹកជញ្ជូនពលករដែលត្រឡប់មកវិញផងដែរ។

សូមបញ្ជាក់ថា ក្នុងកំលុងពេលដែលកម្ពុជា និងថៃ មានវិវាទព្រំដែនជាមួយគ្នា​នេះ មានជនជ្រុលនិយមថៃមួយចំនួនបានគំរាមដេញពលករខ្មែរត្រឡប់មក​ប្រទេសវិញ ហើយពលរដ្ឋថៃ ដែលមានភាពជ្រុលនិយមខ្លះ ក៏បានរើសអើង​សម្រាប់ពលករខ្មែរផងដែរ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសស្វាគមន៍ពលករខ្មែរឱ្យត្រឡប់​មក​វិញបើពួកគេមានបំណងត្រឡប់មកវិញ។

ពលករខ្មែរជាចំណែកមួយយ៉ាងធំ ទ្រទ្រង់ដល់ច្រវាក់ផលិតកម្ម​របស់ថៃ ទាំងក្នុងវិស័យឧស្សាហកម្ម សំណង់ កសិកម្ម និងសេវាកម្មផ្សេងៗ។ ការចាកចេញរបស់ពលករខ្មែរនឹងធ្វើឱ្យការផលិតរបស់ថៃជួបបញ្ហា។

កាលពីប៉ុន្មានឆ្នាំមុនរដ្ឋាភិបាលថៃ ធ្លាប់បានអនុវត្តន៍វិធានបណ្តេញពលករខ្មែរ​ចេញពីប្រទេសខ្លួនផងដែរ តែក្រោយឃើញពីបញ្ហាក៏បានសម្របសម្រួលឱ្យ​ពលករ​ខ្មែរបានធ្វើការក្នុងប្រទេសខ្លួនវិញ៕