ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញវិនិយោគិនបរទេស មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមខ្លួនជាស្រេចក្នុងការសហការ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាជំរុញការវិនិយោគកម្ពុជា-អន្តរជាតិ នៅមជ្ឈមណ្ឌសន្និបាត និងពិពរណ៍កោះពេជ្រ រៀបចំដោយសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា។
មានកត្តាជាច្រើន ដែលអំណោយផលដល់ការវិនយោគនៅកម្ពុជា ក្នុងនោះ រួមមាន៖ សន្តិភាព ស្ថេរភាពនយោបាយ, ច្បាប់នៃការវិនិយោគ និងបរិយាកាសនៃការវិនិយោគមានអំណោយផល, រាជរដ្ឋាភិបាលជំរុញការវិនិយោគ, ការផ្សារភ្ជាប់នៃហេដ្ឋារចនាសម្ព័ន្ធ មានដូចជាទឹក ភ្លើង ព្រលានយន្តហោះ ផ្លូវដឹកជញ្ជូនកាន់តែមានភាពប្រសើរឡើង, ប្រព័ន្ធហិរញ្ញវត្ថុមានស្ថិរភាពទាំងប្រាក់រៀល និងដំណើរការរបស់ប្រព័ន្ធធនាគារ និងប្រព័ន្ធទាំងមូល, ការបង់ពន្ធមានភាពអនុគ្រោះ និងធូរស្រាលជាង បើធៀបនឹងប្រទេសដទៃទៀត និងអ្នកវិនិយោគដែលមិនមានសញ្ជាតិកម្ពុជា អាចធ្វើការជួលរយៈពេលវែង។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបញ្ជាក់យ៉ាងដូច្នេះ «កម្ពុជាត្រៀមខ្លួនខ្លួនជាស្រេចក្នុងការសហការជាមួយវិនិយោគិន។ កម្ពុជារីកចម្រើនជាមួយវិនិយោគិន។ សូមអញ្ជើញមកវិនិយោគនៅកម្ពុជា»។
នាឱកាសនោះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានចែករំលែកនូវទស្សនាទាន និងអនុសាសន៍សំខាន់ៗ ពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដោយជំរុញសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ត្រូវបន្តបេសកកម្មរបស់ខ្លួនក្នុង ការជំរុញលើកកម្ពស់ និងផ្សព្វផ្សាយសក្តានុពល ក្នុងការវិនិយោគនៅកម្ពុជា ក៏ដូចជាការរៀបចំព្រឹត្តិការណ៍ និងវេទិកាធុរកិច្ច, ការរៀបចំកម្មវិធីតាំងពិព័រណ៍, ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងវិនិយោគិនជាតិ និងអន្តរជាតិ ការចូលរួមក្នុងការងារសង្គម និងសកម្មភាព សប្បុរសធម៌ និងជាពិសេស ការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈម និងការដ្ឋានកំណែទម្រង់នានា។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ថែមទាំងបានស្នើសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា សហការជាមួយរាជរដ្ឋាភិបាល ក្នុងការបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងទាញយកឱកាសនិងផលប្រយោជន៍ឱ្យបានជាអតិបរមាពីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុ (CCFTA), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាគីរវាងកម្ពុជា-សាធារណរដ្ឋកូរ៉ (CKFTA) និងជាពិសេសការធ្វើពិពិធកម្មទីផ្សារផលិតផលកាត់ដេរមកទីផ្សារអាស៊ាន, អាស៊ី បូព៌ា, និងតំបន់ផ្សេងទៀត។
នាឱកាសនោះ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានឲ្យដឹងថា ការរៀបចំវេទិកានេះ សម្រាប់ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសភ្ញៀវអន្តរជាតិ មានឱកាសសិក្សាឈ្វេងយល់ពីកម្ពុជា និងអាចចាប់យកឱកាសយ៉ាងទូលំទូលាយនៅក្នុងទីផ្សារកម្ពុជា។ អ្នកឧកញ៉ា បានបន្តថា វិនិយោគិនទាំងអស់ អាចពង្រីកការកសាងបណ្ដាញទំនាក់ទំនង ដែលនឹងនាំទៅរកការបង្កើនកិច្ចសហការថ្មីៗ ព្រមទាំងការ ផ្តល់ផលប្រយោជន៍សម្រាប់គ្នាទៅវិញទៅមក។
នាឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញជាសាក្ស៊ី ក្នុងការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការររួមគ្នាផងដែរ៕