គណៈប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចូលជួបសម្តែងការគួរសម និងស្តាប់ប្រសាសន៍ផ្តាំផ្ញើរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ


ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ០៨:៣០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយគណៈប្រតិភូយុវជន នៃសមាគមនាវាយុវជន អាស៊ីអាគ្នេយ៍កម្ពុជា ចំនួន៣៣រូប (ដែលក្នុងនោះ២៩រូបត្រូវបានជ្រើសរើសតាមរយៈកម្មវិធីប្រឡងរបស់ ក្រសួង អប់រំ យុវ ជន និងកីឡា ដើម្បីជាតំណាងរបស់យុវជនកម្ពុជា ទៅចូលរួមក្នុងកម្មវិធីនាវាយុវ ជន អាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៤ ឆ្នាំ២០១៧ ដែលនឹងចាប់ផ្តើមពីថ្ងៃទី ២៣ ខែតុលា ដល់ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ) ចូលជួបសម្តែងការគួរសម។
មានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើចំពោះក្មួយៗ នាឱកាសនោះ សម្តេចប្រធានព្រឹទ្ធសភា បានសំដែងនូវការស្វាគមន៍ និងអបអរសាទរ ចំពោះក្មួយៗទាំងអស់ ដែលត្រូវបានជ្រើសរើសជាតំណាងរបស់យុវជនកម្ពុជា ទៅចូលរួមកម្មវិធីនាវាយុវជនខាងលើ។ សម្តេច បានសម្តែងការសរសើរ និងលើកទឹកចិត្តដល់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជា សមាគម នាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដែលបានរៀបចំកម្មវិធីនេះឡើង ដើម្បីផ្តល់ឱកាសដល់យុវជនកម្ពុជា បានពង្រីកនូវចំណេះដឹងរបស់ខ្លួន និងបានស្វែងយល់ពីតួនាទីដ៏សំខាន់ នៃការចូលរួមរបស់យុវជន ក្នុងការអភិវឌ្ឍសង្គមជាតិ ជាពិសេសផ្តល់នូវការចែករំលែកបទពិសោធន៍ នៃការអភិវឌ្ឍធនធានមនុស្ស និងការចួលរួម ក្នុងសកម្មភាពសង្គម ជាមួយយុវជនជប៉ុន និងយុវជន មកពីប្រទេសសមាជិកអាស៊ាន ផ្សេងទៀត។
សម្តេច បានផ្តាំផ្ញើទៀតថា៖ ដើម្បីអាចក្លាយជាកម្លាំងបន្តវេនដ៏មានសក្តានុពល យុវជនត្រូវខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដោយប្រឹងប្រែងរៀនសូត្រដកបទពិសោធន៍អ្វីដែលល្អៗ ដើម្បីដកស្រង់ច្នៃប្រឌិត ចូលរួមកសាងអភិវឌ្ឍប្រទេសជាតិ។ សម្តេច បានសំណូមពរ សូមជួយផ្សព្វផ្សាយ អំពីការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យរបស់កម្ពុជាយើង ដល់យុវជនបណ្តាប្រទេសដែលបានចូលរួមកម្មវិធីនេះ ហើយព្រមជាមួយនេះដែរសម្តេច ក៏បានផ្តល់នូវអនុសាសន៍អំពីបញ្ហា សាមគ្គីផ្ទៃក្នុងគណៈប្រតិភូ “នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយតែមួយ…” អំពីមិត្តភាព និងសាមគ្គីភាព អន្តរជាតិ ជាមួយយុវជន ដែលមកចូលរួមកម្មវិធីជាមួយនាឆ្នាំនេះ ជាពិសេសជាមួយយុវជនជប៉ុន ដែលជាម្ចាស់រៀបចំកម្មវិធី។
នៅចុងបញ្ចប់ សម្តេចបានជូនពរ ដល់ដំណើរបំពេញបេសកកម្មរបស់គណៈប្រតិភូ និងសង្ឃឹមពីលទ្ធផលជោគជ័យរបស់ក្មួយៗដែលនឹងនាំមកជូនប្រទេសជាតិ ក៏ដូចជាយុវជនកម្ពុជា វិញ នាពេលខាងមុខ។ ព្រមជាមួយនេះដែរ សម្តេចក៏បានឧបត្ថម្ភ ជូនគណៈប្រតិភូ ចំនួន ៣៣០០ដុល្លា ពោលគឺសមាជិកម្នាក់ៗ ទទួលបាន ១០០ដុល្លា៕