ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានទទួលជួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់លោក Jang Yun Gon ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (ស.ប.ប.កូរ៉េ) ប្រចាំកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអបអរសាទរឯកអគ្គរដ្ឋទូតស.ប.ប.កូរ៉េ ចំពោះការបញ្ចប់ បេសកកម្មដោយជោគជ័យនៅកម្ពុជា និងថ្លែងអំណរគុណចំពោះការរួមចំណែករបស់លោកឯកអគ្គរដ្ឋទូត ក្នុងការរក្សា និងពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ក្នុងអំឡុងពេលបំពេញបេសកកម្មរយៈពេល៩ឆ្នាំ នៅកម្ពុជា។
លោក Jang Yun Gon បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងការសម្របសម្រួលដ៏ល្អជូនដល់រូបគាត់ និងស្ថានទូតស.ប.ប.កូរ៉េ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថាកម្ពុជា និងស.ប.ប.កូរ៉េ បន្តរក្សាចំណង មិត្តភាពដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៦៤ ដោយព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ» និងលោក Kim Il-sung កាលពី៦០ ឆ្នាំមុន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានបង្ហាញក្តីសង្ឃឹមថា ឯកអគ្គរដ្ឋទូត Jang Yun Gon នឹងបន្តដើរតួនាទីរួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ស.ប.ប.កូរ៉េ ក្នុងតួនាទីណាមួយរបស់គាត់នាពេលអនាគត៕