ឯកឧត្តម ឡា វិបុល អនុរដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសំណេះសំណាលជាមួយប្រតិភូអនាគតអ្នកដឹកនាំវ័យក្មេង នៃប្រទេសទីម័រឡេស្តេ (Timor-Leste) ដែលដឹកនាំដោយលោក Bonino Barros មន្ត្រីជំនាញគាំទ្របច្ចេកទេសនៃស្ថានឯកអគ្គរដ្ឋទីម័រឡេស្ដេប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីចែករំលែកចំណេះដឹងនៃការបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅកម្ពុជា នៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្នុងជំនួបនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឡា វិបុល បានថ្លែងស្វាគមន៍ប្រតិភូអនាគតអ្នកដឹកនាំវ័យក្មេងនៃប្រទេសទីម័រឡេស្តេ ព្រមទាំងអបអរសាទរចំពោះរដ្ឋាភិបាលទីម័រឡេស្ដេ ដែលនឹងជិតក្លាយជាសមាជិកទី១១ របស់អាស៊ាន (ASEAN) ខណៈដែលថ្នាក់ដឹកនាំកម្ពុជាបានប្រកាសគាំទ្រសមាជិកភាពរបស់ទីម័រឡេស្ដេយ៉ាងពេញទំហឹង។
ជាមួយគ្នានោះ ឯកឧត្តម ឡា វិបុល បានចែករំលែកពីវឌ្ឍនភាពនៃការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំណេះដឹងស្ដីពីការផ្ដល់សេវាបេឡាជាតិរបបសន្ដិសុខសង្គម (ប.ស.ស.) ការផ្ដល់ឱកាសការងារជូនយុវជន វិស័យទីផ្សារការងារនៅកម្ពុជា និងការបង្កើតប្រព័ន្ធឌីជីថលដែលផ្ដល់សេវាតាមអនឡាញសម្រាប់យុវជន និងប្រជាពលរដ្ឋខ្មែរ។
លើសពីនេះ ឯកឧត្តមបានពន្យល់ពីការប្រើប្រាស់ទូរបញ្ជរសេវាសាធារណៈចល័ត ដើម្បីស្វែងរកការងារ និងប្រើប្រាស់សេវាកម្មរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដោយងាយស្រួល និងចំណេញពេលច្រើន។ វឌ្ឍនភាពការងារទាំងអស់នេះ គឺស្របទៅតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
បន្ថែមពីនេះ ឯកឧត្តមអនុរដ្ឋលេខាធិការរូបនេះ បានបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានប្រកាន់ខ្ជាប់នូវការអនុវត្តគោលនយោបាយជាតិ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះ ជាពិសេសក្រសួងកំពុងអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ១,៥លាននាក់៕