នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នេះ នៅសាលប្រជុំរំដួលនៃទីស្ដីការក្រសួង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ដែលគិតមកដល់ពេលនេះលទ្ធផលការងារឆ្នាំ២០២៥ សម្រេចបានប្រមាណ ៥៥% ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ លោក លោកស្រីប្រធានអង្គភាព និងប្រធាននាយកដ្ឋានទាំងអស់ក្រោមឱវាទក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គ និងអាជ្ញាធរទន្លេសាបជាច្រើនរូប។
ក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គ និងជាប្រធានអាជ្ញាធរទន្លេសាប បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តការងារយ៉ាងសកម្ម និងរួបរួមសាមគ្គីគ្នាជាធ្លុងមួយ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងស្ថាប័នទាំងបីរហូតសម្រេចបានសមិទ្ធផលជាច្រើន សំដៅការពារ អភិរក្ស និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ព្រមទាំងធានានូវសន្តិសុខទឹកប្រកបដោយនិរន្តរភាព និងបរិយាបន្ន ចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងពីកិច្ចសហការដ៏ល្អរបស់ថ្នាក់ដឹកនាំ និងមន្រ្តីនៃនាយកដ្ឋានជំនាញរបស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមតាមបណ្តារាជធានី-ខេត្ត ជាមួយក្រសួងពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ប្រកបដោយស្មារតីទទួលខុសត្រូវ និងច្នៃប្រឌិតខ្ពស់ ក្នុងកិច្ចអន្តរាគមន៍សង្គ្រោះស្រូវប្រាំង ដែលប្រជាកសិករបានធ្វើលើសផែនការប្រមាណ ៩០ម៉ឺនហិកតា រហូតសម្រេចបានជោគជ័យ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការសម្រេចបាននូវផែនទីទឹកច្បាស់លាស់មួយនៅទូទាំងប្រទេស ដើម្បីជាមូលដ្ឋាននៃការអនុវត្តការងាររបស់ក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបានបញ្ជាក់បន្ថែមពីកិច្ចប្រឹងប្រែងរបស់ក្រសួងក្នុងការស្វែងរកប្រភពទឹក កសាងអាងទឹក និងធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រនានា នៅក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកសម្រាប់ការងារស្រោចស្រពវិស័យកសិកម្ម និងការប្រើប្រាស់លើគ្រប់វិស័យ។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងស្ថាប័នទាំងបី សូមបន្តពង្រឹងសាមគ្គីភាព យកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាព និងមានវិធានការត្រៀមបង្ការ ដើម្បីឆ្លើយតបចំពោះគ្រោះធម្មជាតិ ជាពិសេសគ្រោះទឹកជំនន់ ដែលអាចកើតមានឡើងនៅក្នុងរដូវវស្សា៕