ឯកឧត្តម សាយ សំអាល់ ចុះត្រួតពិនិត្យការងារគ្រប់គ្រងនិងអភិរក្សឧទ្យានជាតិ និងការអនុវត្តគម្រោងរបស់ក្រុមហ៊ុនសុខាអូតែល


ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានពេញមួយថ្ងៃទី១២ ខែតុលានេះ បានដឹកនាំគណៈប្រតិភូអន្តរក្រសួងត្រួតពិនិត្យការងារគ្រប់គ្រងនិងអភរិក្សឧទ្យាជាតិព្រះមុនីវង្ស “បូកគោ” និងត្រួតពិនិត្យនូវវឌ្ឍនភាពនៃការអនុវត្តគ្រោងអភិវឌ្ឍន៍ទែសចរណ៍ធម្មជាតិរបស់ក្រុមហ៊ុន សុខាអូតែលនៅក្នុងឧទ្យានជាតិព្រះមុនីវង្ស “បូកគោ”ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពត និងព្រះសីហនុ។ ការត្រួតពិនិត្យនេះ ក៏មានការចូលរួមពីតំណាងភាគីក្រុមហ៊ុន និងអាជ្ញាធរខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។
ឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” គឺជាតំបន់មានសក្តានុពលបែបធនធានធម្មជាតិ និងប្រវត្តិសាស្ត្រ ដែលគ្រប់ដណ្តប់លើផ្ទៃក្រឡា ១៥៤.៤៥៨ ហិកតាដែលលាតសន្ធឹងលើខេត្តចំនួនបីគឺខេត្តកំពត កំពង់ស្ពឺ និងព្រះសីហនុ។
បច្ចុប្បន្នសក្តានុពលក្នុងឧទ្យានជាតិមានជាច្រើនកន្លែងដែលរួមមានទី១. រមណីយដ្ឋានបូកគោ( តំបន់ទេសភាពស្រែ៥០០ ស្រែ១០០ ទឹកធ្លាក់ ពពកវិល កាស៊ីណូចាស់ ពវាំងកូន ចំការតែ ទំនប់ទឹកលើកំពូលភ្នំ និង វត្តសំពៅ៥) ទី២. តំបន់សហគមន៍អេកូទេសចរណ៍ព្រែកត្នោត ទី៣. រមណីយដ្ឋានទឹកឈូ ទី៤. រមណីយដ្ឋានទឹកធ្លាក់តាដា ទី៥. ទំនប់វារអគ្គិសនីកំចាយ និងទី៦. ទឹកធ្លាក់៩ជាន់ជាដើម។
តំបន់សក្តានុពលទាំងនេះនៅមិនទាន់រាប់បញ្ចូលតំបន់សក្តានុពលដែលក្រសួងបរិស្ថានគ្រោងនឹងរៀបចំបង្កើតមួយចំនួនទៀតដែលសុទ្ធសឹងជាតំបន់ធម្មជាតិ ទឹកធ្លាក់ សត្វព្រៃ និងសម្រស់ធម្មជាតិដ៏ត្រកាល៕