សាកលវិទ្យាល័យដ៏ល្បីនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ គឺសាកលវិទ្យាល័យ ស៊ីនហាន (Shinhan University) ប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកគ្រប់គ្រងធុរកិច្ច (Business Administration) ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម


សេអ៊ូល៖ ដោយបានពិនិត្យ វាយតម្លៃយ៉ាងល្អិតល្អន់ ហ្មត់ចត់ លើលទ្ធផលស្នាដៃ បទពិសោធន៍ការងារ ចំណេះដឹងនិង សមត្ថភាព ជំនាញ របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម, សាកលវិទ្យាល័យស៊ីនហាន (Shinhan University) នៃសាធារណរដ្ឋកូរ៉េ បានសម្រេចប្រគល់ ជូននូវ សញ្ញាបត្រ បណ្ឌិតកិត្តិយសផ្នែកគ្រប់គ្រងធុរកិច្ច (Honorary Doctorate Degree in Business Administration) ជូនចំពោះ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ពិធីនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំនៃ សកលវិទ្យាល័យ ស៊ីនហាន ក្នុងទីក្រុងសេអ៊ូល នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ក្រោមបរិយាកាសដ៏សោមនស្សរីករាយ អធិកអធម ក្នុងអត្ថន័យនៃកិច្ចសហប្រតិបត្តិការ និងមិត្តភាពដ៏ជិតស្និទ្ធជាបងប្អូន រវាងកម្ពុជា និងកូរ៉េ ដោយមានការចូលរួមលើកទឹកចិត្តផងដែរ ពីលោកជំទាវ ទេព បុប្ផាប្រសិទ្ធ, ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសាធារណរដ្ឋកូរ៉េ និងលោកជំទាវ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ កម្ពុជា-កូរ៉េ ជាច្រើនរូបទៀត។ ថ្លែងក្នុងពិធីទទួលសញ្ញាបត្រនាពេលនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាកលវិទ្យាល័យស៊ីនហាន រួមទាំងថ្នាក់ដឹកនាំ និងក្រុមសាស្ត្រាចារ្យទាំងអស់នៃសាកលវិទ្យាល័យ ជាពិសេសលោកស្រីបណ្ឌិត Kim Byung-Ok ប្រធានសាកលវិទ្យាល័យ ដែលបានសម្រេចប្រគល់ជូនឯកឧត្តម នូវសញ្ញាបត្របណ្ឌិត កិត្តិយសផ្នែកគ្រប់គ្រងធុរកិច្ច នៅពេលនេះ។

នៅក្នុងខណៈនោះ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានជម្រាបជូនភ្ញៀវកិត្តិយស និងក្រុម សាស្ត្រាចារ្យបណ្ឌិតទាំងអស់ អំពីប្រវត្តិសាស្ត្រប្រទេសកម្ពុជាដែលធ្លាប់រងគ្រោះ ក្នុងជ្រោះមហន្តរាយប្រល័យពូជសាសន៍ ប៉ុល ពត ដោយបានធ្វើឱ្យប្រទេសកម្ពុជាធ្លាក់ដល់លេខសូន្យ ដែលជាស្ថានភាពដ៏ធ្ងន់ធ្ងរមិនដែលមាននៅលើពិភពលោក។ ប៉ុន្តែ ជាភ័ព្វសំណាង ដែលកម្ពុជា ត្រូវបានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ដែលនាសម័យនោះ សម្តេចជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូបនៃគណបក្សប្រជាជនកម្ពុជា បានដឹកនាំការតស៊ូ រំដោះប្រទេសជាតិចេញផុតពីរបបប្រល័យ ពូជសាសន៍ដ៏យង់ឃ្នង និងពួតដៃគ្នា ធ្វើពលីកម្មគ្រប់បែបយ៉ាង ស្តារ និងកសាងមាតុភូមិកម្ពុជាជាថ្មីឡើងវិញលើគំនរទុក្ខផេះផង់ ខ្ទេចខ្ទាំ ដែលបន្សល់ទុកនៅក្រោយថ្ងៃរំដោះទឹកដី ថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩។ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់ជូនអង្គពិធីជ្រាបថា រូបឯកឧត្តមផ្ទាល់ មានសំណាង ដោយបានស្ថិតក្នុងចំណោម បញ្ញាវន្តចំនួន ៦៤រូប នៅរស់រានមានជីវិត ហើយត្រូវបាន សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាត និងផ្តល់ឱកាសឱ្យចូលបម្រើការងារជូន រដ្ឋាភិបាល ក៏ដូចជាបានបម្រើការងារជូនសម្តេចដោយផ្ទាល់នៅខុទ្ទកាល័យសម្តេចតេជោ តាំងពីដំណាក់កាល កសាងប្រទេសបណ្តើរ ការពារជាតិបណ្តើរ និងក្នុងគ្រាដែលសម្តេចតេជោ ហ៊ុន សែន មានតួនាទីជារដ្ឋមន្ត្រីក្រសួងការបរទេស និងជាឧបនាយករដ្ឋមន្ត្រី, និងបន្តមកជានាយករដ្ឋមន្ត្រី ហើយបានបន្តដល់ដំណាក់កាលដែលសម្តេចតេជោនាយករដ្ឋមន្ត្រី ដឹកនាំការចរចាស្វែងរកសន្តិភាព ផ្សះផ្សាជាតិ បង្រួមបង្រួមជាតិ ចាប់ពីឆ្នាំ១៩៩១ រហូតដល់ប្រទេសកម្ពុជា សម្រេចបានការបោះឆ្នោតជាតិលើកដំបូងក្នុងឆ្នាំ១៩៩៣ ប្រែក្លាយទៅជា ព្រះរាជាណាចក្រកម្ពុជាដល់បច្ចុប្បន្ន។

ជាពិសេសទៅទៀត ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ គតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឱ្យកម្ពុជា ជួបសុខសន្តិភាព ពេញលេញបរិបូរណ៌ ក្រោមនយោបាយ «ឈ្នះ-ឈ្នះ» នៅឆ្នាំ១៩៩៨ ដែលជាដំណាក់កាលថ្មីមួយទៀតមិនធ្លាប់មានពីមុន បើកផ្លូវ ឱ្យកម្ពុជាឈានទៅរកភាពរីកចម្រើនយ៉ាងឆាប់រហ័ស ស្ទើរតែមិននឹកស្មានដល់ ដូចដែលយើងបានឃើញទាំងអស់គ្នានាពេលនេះ។
ឯកឧត្តម ចម ប្រសិទ្ធ ក៏បានថ្លែងអំណរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានផ្តល់ការជឿទុកចិត្ត ប្រគល់ភារកិច្ចសំខាន់ៗជាច្រើនដល់ឯកឧត្តម ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ ពិសេស ការសម្រេចបាននូវការចរចាចូលជាសមាជិកទី១៤៨ នៃអង្គការពាណិជកម្មពិភពពលោក នៅខែតុលា ឆ្នាំ២០០៤ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ បើកផ្លូវឱ្យកម្ពុជាអាចពង្រីកទីផ្សារបានយ៉ាងទូលំទូលាយនៅលើពិភពលោក និងបង្កបុព្វបទបង្កើនការវិនិយោគ បង្កើតរោងចក្រជាច្រើនរយពាន់នៅកម្ពុជា ដល់បច្ចុប្បន្ន។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់សង្កត់ធ្ងន់ថា បើគ្មានការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន តាំងពីដើមមកនោះ កម្ពុជានឹងពុំមានអ្វីៗដូចថ្ងៃនេះទេ រាប់ទាំងរូបខ្ញុំផង ក៏មិនមានឱកាសទទួលបានចំណេះដឹង បទពិសោធន៍បំពេញការងារ និងបម្រើការងារជូនប្រជាជនកម្ពុជា និងប្រទេសជាតិរបស់យើងខ្ញុំនោះដែរ។
ក្នុងន័យនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានគោរពសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន និងជូនចំពោះថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះការបណ្តុះបណ្តាល អប់រំ ណែនាំ ផ្តល់ដំបូន្មានល្អៗជាប្រចាំដល់មន្ត្រីក្រោមឱវាទ និងបានដឹកនាំប្រទេសកម្ពុជាក្នុងមុំសុខសន្តិភាព និងមានការអភិវឌ្ឍនលើគ្រប់វិស័យ នាំមកនូវឧត្តមប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជា។

មុននឹងបញ្ចប់ ឯកឧត្តម ចម ប្រសិទ្ធ បានបញ្ជាក់អះអាងសាជាថ្មី ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តយកចំណេះដឹង និងបទពិសោធន៍របស់ខ្លួន រួមទាំងកម្លាំងកាយចិត្ត បម្រើរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាប្រកបដោយភាពមោះមុត និងភក្តីភាព ដើម្បីរួមចំណែកអភិវឌ្ឍន៍ជាតិ មាតុភូមិជាទីស្នេហានៃយើង។ ទន្ទឹមនឹងនេះ សូមចែករំលែកកិត្តិយសដែលទទួលបាននៅពេលនេះ ជូនដល់គ្រប់ថ្នាក់ដឹកនាំទាំងអស់ ក៏ដូចជាប្រជាជនកម្ពុជា ព្រមទាំងសហការីក្រោមឱវាទក្រសួង និងបងប្អូនញាតិមិត្តនានាផងដែរ។