ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញ និងលើកទឹកចិត្តដល់ សហគ្រាសធុនមីក្រូ, តូច, និង មធ្យម ត្រូវខិតខំម្ចាស់ការ និងប្រឹងប្រែងផលិត ពោលគឺត្រូវក្តាប់ឲ្យជាប់នូវកាលានុវត្តភាពដ៏មានតម្លៃពេលនេះ ខណៈស្មារតី ស្នេហាជាតិ និងចលនារួបរួមជាតិ កាន់តែមានសន្ទុះខ្លាំងឡើង។
ការជំរុញរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ធ្វើឡើងនៅក្នុងកម្មពិធីបើកទិវាជាតិសហគ្រាសធុនមីក្រូតូច និងមធ្យមលើកទី២ ក្រោមមូលបទ «ការត្រៀមលក្ខណៈរបស់ សហគ្រាសធុនមីក្រូតូច និងមធ្យម សម្រាប់ការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច»។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា ខណៈដែលស្មារតីស្នេហាជាតិ និងចលនារួបរួមជាតិ កាន់តែមានសន្ទុះខ្លាំងឡើង ដែលជំរុញដល់ការលើកស្ទួយ និងការឲ្យតម្លៃផលិតផលក្នុងស្រុកខ្ពស់ជាងផលិតផលនាំចូលពីប្រទេសជិតខាង។ ការណ៍នេះ គឺជាកាលានុវត្តភាពមួយដ៏វិសេសសម្រាប់ការអភិវឌ្ឍសមត្ថភាព ការធ្វើពិពិធកម្មផលិតផលក្នុងស្រុក និងការពង្រឹងឧត្តមភាពប្រកួតប្រជែង របស់សហគ្រាសធុន មីក្រូ, តូច, និង មធ្យម, ដែលនឹងចូលរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ច និង ការពង្រឹងឯករាជ្យភាពនៃសេដ្ឋកិច្ចជាតិ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា «ក្នុងបរិការណ៍នេះនិយាយដោយឡែកសហគ្រាសធុនមីក្រូ, តូច, និង មធ្យម ត្រូវខិតខំម្ចាស់ការ និង ប្រឹងប្រែងក្តាប់ឲ្យជាប់ នូវកាលានុវត្តភាព ដ៏មានតម្លៃនេះ, ដោយត្រូវឆ្លើយតបឲ្យបានជាអតិបរមា ទៅនឹងការរំពឹងទុករបស់ប្រជាពលរដ្ឋ, ទាំងក្នុងរយៈពេលខ្លី, មធ្យម និង វែង ខាងមុខ ។ និយាយជារួម, រាជរដ្ឋាភិបាល ក៏នឹងបន្តពង្រឹងភាពប្រកួតប្រជែង, ភាពរឹងមាំ និងភាពធន់ទៅនឹងវិបត្តិ តាមរយៈការកែលម្អបរិយាកាសធុរកិច្ច, ការបន្តធ្វើពិពិធកម្មសេដ្ឋកិច្ច, ការពង្រឹងលទ្ធភាពលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក សំដៅជំរុញការតភ្ជាប់ ទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និង សកល, ការចាប់យកសកម្មភាពផលិតកម្មដែលបង្កើតតម្លៃបន្ថែមខ្ពស់, ការបង្កើតការងារសម្រាប់ពលកម្មដែលមានជំនាញ, ការពង្រីកមូលដ្ឋាន សេដ្ឋកិច្ចជាតិឲ្យកាន់តែទូលំទូលាយ ។ល។»
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងបន្ថែមថា កម្ពុជាត្រូវបានបន្តហ៊ុមព័ទ្ធដោយកត្តាហានិភ័យចម្បងៗខាងក្រៅ ដែលពុំចំណុះនឹងការគ្រប់គ្រងរបស់ខ្លួនឡើយ ក្នុងនោះ រួមមានជាអាទិ៍៖ ភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពសកល ដោយសារការបន្តប្រឈមមុខខាងភូមិសាស្ត្រនយោបាយ កាន់តែស្រួចស្រាល់ ការបែកខ្ញែកនៃសេដ្ឋកិច្ចសកល ដែលប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មអន្តរជាតិ, ការងើបមកវិញនៃនិន្នាការឯកតោភាគីនិយម ភាពមិនច្បាស់លាស់នៃទស្សនវិស័យនៃកំណើនសេដ្ឋកិច្ច នៃបណ្តាប្រទេស និងតំបន់ ជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា, កម្មវិបាកនៃគោលនយោបាយពន្ធបដិការ របស់សហរដ្ឋអាម៉េរិក, ជម្លោះព្រំដែនដែលបង្កឡើងដោយប្រទេសជិតខាង របស់កម្ពុជា នាពេល ថ្មីៗនេះ ។ល។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពនៃការបង្កអរិភាពខាងលើ, ទន្ទឹមនឹងការឆ្លើយតបដោយម៉ឺងម៉ាត់ ប្រកបដោយការទទួល ខុសត្រូវខ្ពស់ ក្នុងការការពារអធិបតេយ្យ និងកិត្យានុភាពជាតិ រាជរដ្ឋាភិបាល បាននិងកំពុង តាមដាន និងវាយតម្លៃស្ថានការណ៍ជាក់ស្តែង ដោយយកចិត្តទុកដាក់បំផុត ព្រមទាំងថ្លឹងថ្លែង និងត្រៀមដាក់ចេញនូវវិធានការឆ្លើយតប មុតស្រួចលើគ្រប់វិស័យទាំងឡាយសំដៅ, ម្ខាង រក្សាចលនការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជារួម និង ម្ខាងទៀត ប្រែក្លាយបញ្ហាប្រឈមនេះ ឲ្យក្លាយទៅជាកាលានុវត្តភាព ជាពិសេស សម្រាប់ការលើកកម្ពស់សហគ្រាសធុនមីក្រូ, តូច, និង មធ្យម ផ្ទាល់តែម្តង, ខណៈដែលស្មារតី ស្នេហាជាតិ និង ចលនារួបរួមជាតិ កាន់តែមានសន្ទុះខ្លាំងឡើង, ដែលជំរុញដល់ការលើកស្ទួយ និង ការឲ្យតម្លៃផលិតផលក្នុងស្រុក ខ្ពស់ជាងផលិតផលនាំចូលពីប្រទេសជិតខាង៕