ឯកឧត្តម ឆាយ ឫទ្ធិសែន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ៤កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ឯកឧត្ដម លោកជំទាវ ជាអនុប្រធាន សមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទសរុប ៧៤រូប។

ជាកិច្ចចាប់ផ្ដើម ឯកឧត្ដម សាន វិសាល សមាជិកអចិន្រ្ដៃយ៍គណបក្សក្រសួង និងជាប្រធានលេខាធិការដ្ឋានគណបក្សក្រសួង បានអានសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅការងារបន្ត របស់គណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ។ បន្ទាប់មក ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ ប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ បានផ្សព្វផ្សាយឯកសារជំនួយស្មារតីចំណុចសំខាន់មួយចំនួននៃសភាពការណ៍ខែឧសភា និងទិសដៅការងារឃោសនាអប់រំ ខែមិថុនា ឆ្នាំ២០២៥ របស់គណៈឃោសនាអប់រំ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា។

បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍លទ្ធផលការងារ និងឯកសារជំនួយស្មារតីរួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានខិតខំចុះមូលដ្ឋានបំពេញការងារ ចិញ្ចឹមចលនា ព្រមទាំងអនុវត្តការងារស្របតាមលក្ខន្តិក និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ហើយតាមរយៈបាយការណ៍នេះ ក៏បានបង្ហាញថា យើងកំពុងបន្ដដើរលើមាគ៌ាដ៏ត្រឹមត្រូវក្នុងការចូលរួមកសាងប្រទេសជាតិឱ្យមានការរីកចម្រើន ប្រកបដោយស្ថិរភាព និងមានវិបុលភាព។ ឱកាសនោះផងដែរ ឯកឧត្តមប្រធានគណៈកម្មាធិការគណបក្សក្រសួង បានមានមតិសំណេះសំណាល ដោយបានលើកឡើងអំពីសភាពការណ៍ទូទៅក្នុងតំបន់ និងពិភពលោក ការផ្ទុះសង្គ្រាមរវាងប្រទេសនឹងប្រទេសមួយ ជាពិសេសការប្រែប្រួលនៃស្ថានភាពតាមបណ្ដោយព្រំដែនរវាងកម្ពុជា ថៃ ដែលបង្កឡើងដោយក្រុមយោធាថៃ និងភាពច្របូកច្របល់ ទំនាស់ផ្ទៃក្នុងរបស់ថៃ។ ជាមួយគ្នានេះផងដែរ ឯកឧត្តមប្រធាន បានផ្ដល់អនុសាសន៍គន្លឹះមួយចំនួន ជូនដល់ឯកឧត្តម លោកជំទាវ ក្រុមការងារគណបក្សទាំងអស់ ដើម្បីជាការជំនួយ និងការតម្រង់ទិសដល់ការបន្ដអនុវត្តការងារនៅតាមមូលដ្ឋានរបស់ខ្លួន ប្រកបដោយសាមគ្គីភាព ឯកភាព ការទទួលខុសត្រូវ មានប្រសិទ្ធភាព បបង្កើនប្រជាប្រិយភាពរបស់គណបក្ស និងទទួលបានការគាំទ្រពីសំណាក់ប្រជាជនទូទៅ៕