ឯកឧត្តម ម៉ម អំណត់ បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍សិក្សានៅប្រទេសជប៉ុន និងប្រទេសហុងគ្រី


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការ ក.ប.ទ. បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ ចំនួន៣៩រូប ដែលបន្តការសិក្សានៅប្រទេសជប៉ុន និងប្រទេសហុងគ្រី ដើម្បីផ្តល់អនុសាសន៍ជូននិស្សិត មុននឹងចេញទៅបន្តការសិក្សានាពេលខាងមុខ។

នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនអំពីវឌ្ឍនភាពការងាររបស់ក្រសួង ការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកឌីជីថល។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជូនពរឱ្យនិស្សិតទាំងអស់មានសុខភាពល្អ ទទួលបានជោគជ័យក្នុងការបន្តសិក្សា ដើម្បីយកចំណេះវិជ្ជាវិលត្រឡប់មកបម្រើការងារនៅមាតុប្រទេសវិញ។