លោកហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញចុះទស្សនកិច្ចពិនិត្យមើលវឌ្ឍនភាពរោងចក្រ២ទីតាំងក្នុងខេត្តកំពង់ស្ពឺ គឺរោងចក្រទឹកស្អាតបុរីកម្មករ និងរោងចក្រផលិតទុយោទឹក TCU ដើម្បីជំរុញការវិនិយោគឯកជនប្រកបដោយទំនួលខុសត្រូវ និងការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា។
ដំណើរទស្សនកិច្ចនេះ បានធ្វើឡើងនា ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២៥ ដោយលោកបានបានទស្សនកិច្ចខ្សែច្រវាក់ផលិតកម្ម និងបន្ទប់ពិសោធន៍របស់រោងចក្រផលិតទុយោ TCU ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ លើផ្ទៃដី ៨០.០០០ ម៉ែត្រការ៉េ និងមានបុគ្គលិកប្រមាណ១២០នាក់ ក្នុងនោះបុគ្គលិកជនជាតិខ្មែរប្រមាណ១០០នាក់។ រោងចក្រនេះមានផលិតទុយោច្រើនប្រភេទ រួមមានទុយោទឹកស្អាត លូជ័រ ទុយោទឹកក្ដៅ/ត្រជាក់ ទុយោយូភីវីស៊ីខ្សែភ្លើង និងលូរង្វាន់ដែក ដោយផ្គត់ផ្គង់ដល់រដ្ឋាករទឹក ប្រតិបត្តិករទឹកស្អាតឯកជន និងគម្រោងអភិវឌ្ឍន៍នានា។
ក្នុងឱកាសនោះ លោកហែម វណ្ណឌី បានលើកឡើងថា «កម្ពុជាកំពុងអភិវឌ្ឍ ហើយយើងត្រូវការផលិតផលទុយោដែលមានគុណភាពខ្ពស់កាន់តែច្រើនបន្ថែមទៀត ដើម្បីសម្រេចគោលដៅឆ្នាំ២០៣០ របស់យើង។ ដូច្នេះ ក្រុមហ៊ុនមានឱកាសច្រើនក្នុងការពង្រីកចំណែកទីផ្សាររបស់ខ្លួន ហើយសូមសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្របសម្រាប់ប្រតិបត្តិករទឹកឯកជន ក្នុងការទិញទុយោដែលមានគុណភាពខ្ពស់ទៅប្រើប្រាស់»។
លោកបានលើកទឹកចិត្តឱ្យ TCU រួមចំណែកអភិវឌ្ឍស្តង់ដាកម្ពុជាសម្រាប់ទុយោទឹកស្អាត ដោយសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត និងបង្កើត កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងខិតខំស្វែងរកឱកាសដើម្បីនាំចេញ ខណៈដែលវិស័យឡូជីស្ទីកកម្ពុជាកំពុងមានភាពប្រសើរឡើង។
តំណាងក្រុមហ៊ុនបានបង្ហាញឆន្ទៈសហការជាមួយគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើការបង្កើតស្តង់ដាទុយោ និងលើកកម្ពស់សមត្ថភាពធ្វើតេស្តទុយោរបស់មន្ទីរពិសោធន៍។ លើសពីនេះ ក្រុមហ៊ុនក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការផ្តល់ឧបករណ៍មន្ទីរពិសោធន៍ជូនដល់ក្រសួង ដើម្បីពង្រឹងប្រព័ន្ធវិញ្ញាបនបត្រកម្ម ស្តង់ដាជាតិ និងជំរុញការនាំចេញផលិតផលទុយោនាពេលអនាគត។
ជាមួយគ្នានេះ ក្នុងឱកាសចុះពិនិត្យរោងចក្រផលិតទឹកស្អាតបុរីកម្មករ លោករដ្ឋមន្រ្តីបានណែនាំឱ្យបន្តកែលម្អប្រតិបត្តិការជាបន្តបន្ទាប់ និងពង្រីកសេវាឱ្យបាន១០០% នៃតំបន់សេវាក្រោមអាជ្ញាបណ្ណរបស់ខ្លួន ដោយផ្តល់សេវាសម្រាប់ទាំងតំបន់ប្រជុំជន និងតំបន់មិនសូវមានប្រជាជនរស់នៅ ព្រមទាំងពិចារណាតម្រូវការសម្រាប់ការអភិវឌ្ឍឧស្សាហកម្មនាពេលអនាគត។
លោកលើកឡើងបន្តថា «ទឹកស្អាតជាសេវាសង្គមចាំបាច់ដែលមានផលប៉ះពាល់ផ្ទាល់ដល់សុខភាពសាធារណៈ។ សូមកុំស្កប់ស្កល់ជាមួយនឹងប្រតិបត្តិការបច្ចុប្បន្ន។ បច្ចេកវិទ្យាវិវត្តលឿនណាស់ ប្រតិបត្តិករនៅក្នុងប្រទេសមួយចំនួនប្រើ AI ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ គ្រប់គ្រងសម្ពាធទឹក និងចេញវិក្កយបត្រជាដើមហើយ។ ដូច្នេះ ក្រុមហ៊ុនក៏ត្រូវបន្តធ្វើទំនើបកម្មប្រតិបត្តិការរបស់ខ្លួន និងស្វែងរកវិធីបង្កើនប្រសិទ្ធភាពបន្ថែមទៀត»។
លោកបានសរសើរដល់រោងចក្រផលិតទឹកស្អាតបុរីកម្មករ ក្នុងការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងការវិនិយោគផ្សេងៗទៀត រួមទាំងក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ការគ្រប់គ្រងសំរាម និងវិស័យបដិសណ្ឋារកិច្ច។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងអនុវត្តគំនិតផ្តួចផ្តើមមួយចំនួនដើម្បីកែទម្រង់វិស័យទឹកស្អាត។ ក្រសួងបានបង្កើតក្រុមការងារត្រួតពិនិត្យបច្ចេកទេស ដើម្បីចុះវាយតម្លៃសមត្ថភាពប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងប្រទេស ហើយថ្មីៗនេះ បានចេញសេចក្តីណែនាំឱ្យប្រតិបត្តិករផ្ញើរបាយការណ៍ប្រតិបត្តិការពេញលេញ និងផែនការវិនិយោគរយៈពេលមធ្យម មកក្រសួង ក្នុងគោលដៅលើកកម្ពស់ការវិនិយោគឯកជនប្រកបដោយការទទួលខុសត្រូវ និងជំរុញវឌ្ឍនភាពឆ្ពោះទៅការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦.១៕