ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញបិទវគ្គបណ្តុះបណ្តាលជំនាញ «ភាពជាអ្នកដឹកនាំ និងប្រសិទ្ធិភាពនៃការគ្រប់គ្រង» ជូនដល់អ្នកដឹកនាំ មន្ត្រីក្រសួងព័ត៌មាន បុគ្គលិកឯកជនដែលបម្រើ់ការងារក្នុងវិស័យព័ត៌មាន និងផ្សព្វផ្សាយ។ វគ្គបណ្តុះបណ្តាលនេះ ដើម្បីលើកកម្ពស់សមត្ថភាពដឹកនាំ ការគ្រប់គ្រង បទពិសោធន៍ និងចំណេះដឹងស្តីពីគោលនយោបាយ, ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព និងទំនាក់ទំងសាធារណៈ និងដើម្បីចូលរួមអនុវត្តការងារ និងលើកកម្ពស់នូវសណ្តាប់ធ្នាប់សារព័ត៌មាន និងការផ្សព្វផ្សាយ ប្រកបដោយ គុណភាព និងសុវត្ថិភាព។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយក្រុមការងារបច្ចេកទេសអភិវឌ្ឍន៍មូលធនមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ក្រសួងព័ត៌មាន (ក.អ.ម) ដែលមានសិក្ខាកាមជាមន្ត្រីក្រសួងព័ត៌មាន សមាគមទូរទស្សន៍ សមាគមវិទ្យុ និងសមាគមអ្នកសារព័ត៌មានចំនួន ១៤១នាក់។ សិក្ខាកាមទាំងអស់ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលនាឱកាសនេះ បានទទួលនូវចំណេះដឹងជាច្រើនពីគ្រូឧទ្ទេស ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន ឱ្យយល់កាន់តែច្បាស់និងមានសមត្ថភាពបំពេញការងារក្នុងអង្គភាពរបស់ខ្លួនឱ្យបានល្អ ឱ្យកាន់តែមានគុណភាព ប្រកបដោយជំនឿទុកចិត្តនិងវិជ្ជាជីវៈ ក្នុងការផ្តល់ព័ត៌មានពិតត្រឹមត្រូវ រហ័ស និងមានការទទួលខុសត្រូវខ្ពស់ អភិវឌ្ឍន៍ស្ថាប័នរបស់ខ្លួន។
នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានលើកឡើងពីគុណតម្លៃដ៏សំខាន់របស់ភាពជាអ្នកដឹកនាំ ដើម្បីធ្វើយ៉ាងណាដំណើរការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័នរដ្ឋ និងឯកជន។ ភាពជាអ្នកដឹកនាំ គឺជាសិល្បៈនៃការបំផុសគំនិតមនុស្សឱ្យធ្វើសកម្មភាពឆ្ពោះទៅរកការសម្រេចគោលដៅរួមមួយ។ អ្នកដឹកនាំត្រូវមានចក្ខុវិស័យច្បាស់លាស់អំពីអនាគត បង្ហាញពីភាពស្មោះត្រង់ សីលធម៌ និងគោលការណ៍សីលធម៌ ការទទួលខុសត្រូវចំពោះសកម្មភាព។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ក្នុងនាមជាអ្នកដឹកនាំ ឬប្រធានអង្គភាព គឺមិនត្រូវមានចិត្តច្រណែនជាមួយមន្ត្រី ឬបុគ្គលិកក្រោមឱវាទនោះទេ ប៉ុន្តែ សប្បាយចិត្តនៅពេលឃើញមន្ត្រីក្រោមឱវាទមានការរីកចម្រើន ដូច្នេះ ភាពជាអ្នកដឹកនាំ សំដៅលើសមត្ថភាពដែលអាចឱ្យអង្គភាព ឬស្ថាប័ន ពួតដៃគ្នាធ្វើការងារឱ្យសម្រេចគោលដៅ ប្រកបដោយប្រសិទ្ធផល និងប្រសិទ្ធភាពនៃការងារ។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ភាពជាអ្នកដឹកនាំត្រូវប្រកាន់នូវគោលការណ៍ព្រហ្មវិហារធម៌ គឺមេត្តា ករុណា មុតិតា ឧបេក្ខា និងទសពិតរាជធម៌ ១០ប្រការ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីច្បាប់មាសទាំង៨ចំណុច របស់ព្រះបាទជ័យវរ័្មនទី៧ យកមកអនុវត្តក្នុងការដឹកនាំប្រទេសឱ្យទទួលបានភាពរុងរឿងនាសម័យអង្គរ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ដែលជាសិក្ខាកាមរួមមានទី១៖ អម្រែកទឹក មានសេចក្ដីថាមិនលំអៀង, ២៖ ភ្នែកខ្លែង មានន័យថាត្រូវសម្លឹងឱ្យឆ្ងាយមើលគ្រប់ទិសទី, ៣៖ ស្ញែងរាជសី មានន័យថា ធ្វើជាអ្នកដឹកនាំត្រូវឱ្យគេគោរពស្ញប់ស្ញែង, ទី៤៖ សម្ដីឥសូ (សម្ដីទិព្វ គេគោរព ស្ដាប់បង្គាប់ និងអនុវត្តតាម) ទី៥៖ ថ្ងូរព្រះឥន្រ្ទ (ថ្នាក់ដឹកនាំតែងខ្វល់ខ្វាយជានិច្ចពីសុខទុក្ខរបស់ប្រជារាស្រ្ដ) ទី៦៖ សុបិន្តសួគ៌ (អ្នកដឹកនាំត្រូវសម្រេចកិច្ចការតាមបំណងប្រាថ្នារបស់រាស្រ្ដ) ទី៧៖ ខួរទន្សាយ (ជាបុគ្គលឈ្លាសវៃដោះស្រាយវិបត្តិរបស់ប្រជាពលរដ្ឋដោយសន្តិវិធី) និងទី៨៖ សប្បាយស្រមោច (ជួយឱ្យប្រជារាស្រ្ដសម្បូរសប្បាយ នគររុងរឿង)។
ភ្ជាប់ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានរម្លឹកអនុសាសន៍ណែនាំ ១១ចំណុច «ជាតិជាមន្ត្រីដែលល្អ» របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា រួមមានទី១៖ ជាខ្ញុំបម្រើរាស្រ្ត មិនមែនជាចៅហ្វាយរាស្ត្រ, ទី២៖ កុំធ្វើជាមន្ត្រីជើង១០ ត្រូវធ្វើជាមន្ត្រីជើង២, ទី៣៖ កុំធ្វើជាមន្ត្រីគ្រាប់ល្ពៅប្រភេទទី១, ទី៤៖ កុំធ្វើជាមន្ត្រីដែលមានជម្ងឺតួឯក, ទី៥៖ កុំចាំការងាររត់មករកយើង យើងត្រូវរត់រកការងារ, ទី៦៖ កុំប្រកាន់ឥរិយាបថ ជាន់ធាង កាប់មែក, ទី៧៖ កុំប្រមាថ កុំធ្លោយ កុំបណ្តោយ កុំបំពាន កុំបាត់ម្ចាស់ការ, ទី៨៖ ដាក់ខ្លួនឱ្យទាប ឫកពាឱ្យសុភាព មារយាទឱ្យខ្ពស់ កុំបាត់ម្ចាស់ការ, ទី៩៖ ប្រកាន់ខ្ជាប់នូវលក្ខណៈសម្បត្តិ ៤យ៉ាង ៖ វប្បធម៌សេវាសាធារណៈ ឆន្ទៈម្ចាស់ការ ភក្តីភាព និងមនសិការវិជ្ជាជីវៈ, ទី១០៖ អនុវត្តគោលការណ៍ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល និងព្យាបាលខ្លួនយេីងឱ្យស្អាត និងទី១១៖ កុំធ្វេីជាមន្ត្រីធូរប្រឹង តឹងប្រាស។
សូមបញ្ជាក់ថា សម្រាប់ប្រធានបទនៃវគ្គជំនាញ«ភាពជាអ្នកដឹកនាំ និងប្រសិទ្ឋភាពនៃការគ្រប់គ្រងការដឹកនាំស្ថាប័ន» មានមុខវិជ្ជាចំនួន៨ គ្រូតម្រង់ទិស និងគ្រូបង្គោលចំនួន៦រូប រួមមាន ការដឹកនាំស្ថាប័ន , ទំនាក់ទំនងសាធារណៈ,ភាពជាអ្នកដឹកនាំក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសោតទស្សន៍, មូលដ្ឋានគ្រឹះនៃការគ្រប់គ្រង, ការគ្រប់គ្រងអង្គភាព, ផែនការសកម្មភាពកសាង និងអភិវឌ្ឍន៍មូលធនមនុស្ស, ផែនការបដិវត្តកម្មឌីជីថលក្នុងវិស័យព័ត៌មាន និងសោតទស្សន៍៕