រដ្ឋសភា កំណត់យកថ្ងៃចន្ទសប្ដាហ៍ក្រោយ ដើម្បីពិនិត្យ និងអនុម័តវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ ដែលពាក់ព័ន្ធការដកហូតសញ្ជាតិខ្មែរ


គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃកម្ពុជា នឹងបើកកិច្ចប្រជុំក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅថ្ងៃចន្ទ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង៩:០០ព្រឹក នៅវិមានរដ្ឋសភា ដើម្បីពិនិត្យសំណើសុំពិនិត្យ និងអនុម័តសេចក្តីស្នើច្បាប់ ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

សូមជំរាបថា កាលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាព ឯកឧត្តម ហ៉ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ ពិភាក្សា និងរៀបចំសេចក្តីក្រាបបង្គំទូលថ្វាយមតិចំពោះព្រះរាជសារចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ របស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ពិគ្រោះ មតិក្រុមប្រឹក្សាធម្មនុញ្ញ លើសេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា។

ជាលទ្ធផលនៃកិច្ចប្រជុំពេញអង្គ ក្រុមប្រឹក្សាធម្មនុញ្ញក្រាបបង្គំទូលថ្វាយព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះសេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា អាចធ្វើទៅបាន។

មាត្រា៣៣ បានចែងថា៖ «ប្រជាពលរដ្ឋខ្មែរ មិនអាចត្រូវបានដកសញ្ជាតិ និរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ តែមានកិច្ចព្រមព្រៀងជាមួយគា្នទៅវិញទៅមក។ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគាំពារ។ ការទទួលសញ្ជាតិខ្មែរត្រូវកំណត់ក្នុងច្បាប់»៕