កម្ពុជាប្តេជ្ញាចិត្តខ្ពស់កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ៥៤% ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុជាមួយសហគមន៍អន្តរជាតិ


ក្រសួងបរិស្ថាន បានសម្របសម្រួលបញ្ចប់ ការរៀបចំផែនការជាតិរួមចំណែក ឆ្លើយតបការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ (២០២៥-២០៣០) 3rd Nationally Determined Contribution 3.0 (NDC3.0) ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏មុតមាំ របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយសហគមន៍អន្តរជាតិ ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

NDC3.0 របស់កម្ពុជា បានដាក់ផែនការ និងឆន្ទៈក្នុងការកាត់បន្ថយ ការបញ្ចេញឧស្ម័ន្នផ្ទះកញ្ចក់ រហូតដល់៥៤% គឺមានការកើនឡើង បើប្រៀបជាមួយ NDC 2.0 ចំនួន៤២% និងINDC ប្រមាណជា២៧% តែប៉ុណ្ណោះ។ នេះជាប្រសាសន៍លើកឡើង របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងកម្មវិធីបិទសិក្ខាសាលា ផ្តល់សុពលភាព «ផែនការជាតិរួមចំណែក ការឆ្លើយតប ការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ NDC 3.0» នារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។

ពិធីននេះមានការអញ្ជើញចូលរួម ពីលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP Cambodia) និងលោក Jo Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UN Resident Coordinator to Cambodia) រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័ន អង្គការដៃគូសហការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ជាច្រើននាក់។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអបអរសាទរ ចំពោះជោគជ័យក្មុងរយៈពេល ៧ ខែ ដែលក្រុមការងារសម្រេចបាននូវសេចក្តីព្រាង ផែនការជាតិ NDC 3.0 នេះឡើង។ សមិទ្ធផលនេះ គឺជាមោទកភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបន្តគោលជំហរដ៏រឹងមាំ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។» ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍បន្ថែម។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងលើកឡើងពីគោលដៅសំខាន់ នៃការរៀបចំ ផែនការរួមចំណែកជាតិ NDC 3.0 គឺជំរុញការអភិវឌ្ឍរបស់កម្ពុជា ប្រកបដោយនិរន្តរភាព ធន់នឹងអាកាសធាតុ និងបញ្ចេញកាបូនទាប តាមរយៈការអនុវត្តវិធានការបន្ស៊ាំ និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តាមវិស័យសំខាន់ៗ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះដើម្បីកសាងផែនការរួមចំណែកជាតិ NDC 3.0 ក្រសួងបរិស្ថាន បានទទួលការគាំទ្រនិងចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សហគមន៍មូលដ្ឋាន និងដៃគូអភិវឌ្ឍន៍រួមមានសហភាពអឺរ៉ុប (EU) កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) អង្គការយូនីសេហ្វ (UNICEF) និងអង្គការអុកស្វាម (OXFAM) ជាដើម។

សូមជម្រាបជូនថា ក្រសួងបរិស្ថានបានសម្របសម្រួលរៀបចំផែនការជាតិ រួមចំណែកឆ្លើយតបការប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (NDC3.0) ដែលមានវិធានការឆ្លើយតបចំនួន ១៦៣ វិធានការ រួមមាន ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ចំនួន៤៩ វិធានការ ការបន្ស៊ាំនឹងការប្រែប្រួលអាកាស ចំនួន ៧៤ វិធានការ និងវិស័យជំរុញ ចំនួន៤០ វិធានការ។

រាជរដ្ឋាភិបាលគ្រោងបញ្ជូនផែនការរួមចំណែកជាតិ NDC 3.0 ទៅអង្គការសហប្រជាជាតិ នៅពេលឆាប់ៗខាងមុខ គឺមុនកិច្ចប្រជុំលើកទី៣០ នៃរដ្ឋភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COP30) ដែលនឹងប្រព្រឹត្តទៅនាខែវិច្ចិកា ឆ្នាំ២០២៥ នៅប្រទេសប្រេស៊ីល៕