លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន​ម៉ាណែត អញ្ជើញបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តពោធិព្រឹក្សាខារាម ហៅ (វត្តតូប) នៅស្រុកទឹកឈូ ខេត្តកំពត


នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវ ពេជ ចន្ទមន្នី ហ៊ុនម៉ាណែត ឧត្ដមភរិយានាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តពោធិព្រឹក្សាខារាម ហៅ (វត្តតូប) ស្ថិតនៅភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។

ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តពោធិព្រឹក្សាខារាមនាពេលនេះ ក្រោមព្រះវត្ដមាន សម្ដេចព្រះពោធិវ័ង្ស ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណទាំងពីរគណ ព្រះមន្ដ្រីសង្ឃគ្រប់ឋានានុក្រម ព្រះចៅអធិការវត្ដព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ដកំពត, ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ដកំពត ខេត្ដកែប ខេត្ដព្រះសីហនុ ,និងថ្នាក់ដឹកនាំ គណៈប្រតិភូអមដំណើរ ព្រមទាំងមន្ដ្រីរាជការ សប្បុរសជន លោកអាចារ្យ លោកតាជី យាយជី សិស្សានុសិស្ស ប្រជាពលរដ្ឋពុទ្ធបរិស័ទជាច្រើនរយនាក់។

ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ម៉ៅ ធនិន បានថ្លែងនូវគារវកិច្ចគោរពស្វាគមន៍ដ៏ស្មោះស្ម័គ្រចំពោះវត្ដមាន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ដ្រីកម្ពុជា ដែលបានផ្ដល់នូវមហាកិត្ដិយសដ៏ឧត្ដុងឧត្ដម អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្ដពោធិព្រឹក្សាខារាម នៅវត្ដតូប ដ៏ថ្លៃថ្លានេះ។ នាពេលនោះដែលលោកបណ្ឌិត ម៉ៅ ធនិន ក៏បានអានរបាយការណ៍បង្ហាញពីសមិទ្ធផលនានាដែលបានអភិវឌ្ឍយ៉ាងឆាប់រហ័សនៅក្នុងខេត្ដកំពត។

ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ពេជ ចន្ទ មុន្នី ហ៊ុនម៉ាណែត បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពរីចម្រើនលើកគ្រប់វិស័យនៅក្នុងខេត្ដកំពត ជាពិសេសគឺវិស័យព្រះពុទ្ធសាសនា តាមរបាយការណ៍ស្វាគមន៍របស់លោកអភិបាលខេត្ដ។

លោកជំទាវបណ្ឌិតបានគូសបញ្ជាក់ថា ផលនៃភាពរីកចម្រើននេះកើតចេញការសាមគ្គីភាពគ្នា សហការគ្នារវាងថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងព្រះមន្ដ្រីសង្ឃ គ្រប់លំដាប់ថ្នាក់ក្នុងខេត្ដទាំងមូល ដែលបានបំពេញកាតព្វកិច្ចនៅក្នុងរយៈកាលកន្លងមក ដើម្បីផ្ដល់ឱ្យគ្រប់វិស័យ ជាពិសេសវិស័យព្រះពុទ្ធសាសនា ដើម្បីឱ្យបាននូវសុខុដុមរម្មណីកម្មសាសនានៅទូទំាខេត្ដ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និតីកាលទី៧ នៃរដ្ឋសភា។

លើសពីនោះលោកជំទាវបណ្ឌិត បានសង្គត់ធ្ងន់ថា «ពិធីសម្ពោធឆ្លងសមិទ្ធផលនានានៅពេលនេះ គឺបានបង្ហាញឱ្យឃើញនូវភាពរីកចម្រើនគួរឱ្យកក់សម្គាល់ លើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ។ ក្នុងនោះ វត្ដអារាម ព្រះពុទ្ធសាសនានៅទូទាំងខេត្ដ មានការរីកចម្រើនជាលំដាប់ នេះបញ្ជាក់ឱ្យឃើញថា កត្ដាសុខសន្ដិភាព មិនត្រឹមតែបង្កលក្ខណៈចាំបាច់ក្នុងការអភិវឌ្ឍជាតិប៉ុណ្ណោះទេ តែជាធាតុមួយមិនអាចខ្វះបាន គ្រប់កាលៈទេសៈសម្រាប់មនុស្សគ្រប់រូប ព្រមទាំងផ្ដល់លទ្ធភាពគ្រប់គ្រាន់សម្រាប់ពុទ្ធសាសនិកគ្រប់សាសនា ក្នុងការរៀបចំពិធីបុណ្យទាន និងសកម្មភាពសាសនារបស់ខ្លួនទៀតផង។ នេះជាផ្នែកមួយក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍជាតិ ពិសេសជួយបណ្ដុះនូវស្មារតី គុណធម៌ សីលធម៌ សុជីវធម៌ ដល់មនុស្សនៅក្នុងសង្គម»

សូមជម្រាបថាសម្រាប់សមិទ្ធផល ដែលបានធ្វើបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងរួមនាពេលនេះមាន៖

* កសាងព្រះវិហារ ១ ខ្នង ដែលមានបណ្តោយប្រវែង ៣៩,២០ ម៉ែត្រ ទទឹងប្រវែង ២៤,២០ម៉ែត្រ និងកម្ពស់ ១៧,៦០ម៉ែត្រ ចំណាយថវិកា ២៧០,០០០ដុល្លារ, គូគំនូរបុរាណនៅក្នុងព្រះវិហារ ចំណាយថវិកា ៤២,៣៤៤ ដុល្លារ, កសាងរបងវត្ត ចំណាយថវិកា ៥០,០០០ដុល្លារ, កសាងខ្លោងទ្វារវត្ត ចំណាយថវិកា ២៣,០០០ដុល្លារ, ចាក់ដីបំពេញទីធ្លាវត្ត ចំណាយថវិកា ១៣,០៨២ដុល្លារ, ទិញដីពង្រីកវត្តចំនួន ៣ដង ចំណាយថវិកា ៩១,៦៦៨ ដុល្លារ, កសាងខ្លោងទ្វារជុំវិញព្រះវិហារ ៤ ចំណាយថវិកា ២៨,០០០ដុល្លារ, កសាងដងទង់ ៨ដើម ចំណាយថវិកា ៦០,០០០ដុល្លារ, ចាក់បេតុងផ្លូវក្នុងវត្ដ ចំណាយថវិកា ១០,០០០ដុល្លារ, កសាងបន្ទប់ទឹក ២ ខ្នង ចំណាយថវិកា ១២,០០០ដុល្លារ, ជីកស្រះ ចំណាយថវិកា ១២,០០០ដុល្លារ, ដាក់បង្គោលភ្លើងសូឡា ៥០ដើម ចំណាយថវិកា ១,៥០០ដុល្លារ, កសាងកុដិ ១ខ្នង ចំណាយថវិកា ៦៣,០០០ដុល្លារ, កសាងផ្លូវមុខវត្ត ចំណាយថវិកា ២៨,០០០ដុល្លារ, សរុបថវិកាចំណាយទាំងអស់ ៧០៣,៥៩៤ ដុល្លារអាមេរិក៕