នៅថ្ងៃសៅរ៍ ១០កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជានាយកគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារអនុវត្តគម្រោង និងទីប្រឹក្សាបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់សំណង់ស្ទាក់ទឹកកំពង់គោ ដែលស្ថិតនៅក្នុងភូមិសាស្ត្រស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ការចុះពិនិត្យការងារបានធ្វើឡើងជាប្រចាំ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ដើម្បីធានានូវគុណភាព និងល្បឿននៃការសាងសង់ ហើយក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំដល់ក្រុមហ៊ុនសាងសង់ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើគុណភាពការងារ គោរពតាមបទដ្ឋាន និងនិយាមបច្ចេកទេសឱ្យបានត្រឹមត្រូវ ជាពិសេសពន្លឿនការងារសាងសង់ឱ្យបានសម្រេចតាមពេលវេលាដែលបានកំណត់៕