ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជាជិត ៦០០០នាក់ នៅខេត្តត្បូងឃ្មុំ


ប្រជាពលរដ្ឋចំនួន ៥,៩២៥នាក់ ត្រូវបានប្រកាសបញ្ចូលជាសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានទី២ ក្រុមកាងារគណបក្សចុះមូលដ្ឋានខេត្ដត្បូងឃ្មុំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ ស្រុក ពញាក្រែក ស្រុកត្បូងឃ្មុំ នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅស្នាក់ការគណបក្ស ប្រជាជនកម្ពុជា ស្រុកត្បូងឃ្មុំ ក្នុងភូមិទួលវិហារ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

សូមបញ្ជាក់ថា នេះជាការប្រកាសបញ្ចូលសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០២៥ របស់គណបក្សប្រជាជនកម្ពុជា មកពីស្រុកចំនួន៣ ក្នុងនោះរួមមាន៖ ស្រុកអូររាំងឪ ស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ នៃខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានពាំនាំនូវការសួរសុខទុក្ខ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលតាំងពីដើមរៀងមក គ្រប់កាលៈទេសៈទាំងអស់ គឺបានធ្វើអ្វីៗ ក្នុងបុព្វប្រជាជន និងមាតុភូមិកម្ពុជា។

ឯកឧត្តមណ្ឌិត អ៊ាង សុផល្លែត បានស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះកាសម្រេចចិត្ត ចូលរួមជីវភាពនយោបាយ ជាមួយជាមួយគណបក្សប្រជាជនកម្ពុជា ដែលវាជាភស្តុតាងបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្ស ដែលទទួលបានការគាំទ្រ និងគោរពស្រឡាញ់ពីប្រជាពលរដ្ឋរបស់យើងគ្រប់ទិសទី។

ឯកឧត្តមបានគូសបញ្ជាក់ផងដែរពីសមិទ្ធផលធំៗរបស់គណបក្សប្រជាជនកម្ពុជា ដែលសម្រេចបាន ដូចជាបានរំដោះទឹកដី និងប្រជាជនកម្ពុជា ចេញពីបនប្រល័យពុជសាសន៍ ប៉ុល ពត បាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពទាំងអស់ ដែលសិទ្ធិសេរីភាពទាំនោះ បានស្តារ និងកសាងប្រទេសឡើងវិញពីបាតដៃទទេ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមជាតិ ជាបណ្តើរៗ រហូតមានការរីកចម្រើនគ្រប់វិស័យ សម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង ការបង្រួបបង្រួមទឹកដី ឯកភាពជាតិ និងនាំមកជូនជាតិ និងប្រជាជនកម្ពុជា នូវសុខសន្តិភាពពេញនៅកម្ពុជា ដោយនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។ បន្ទាប់មករាជរដ្ឋាភិបាលនៃអ្នកបន្ដវេន របស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើន ជូនជាតិ និងប្រជាពលរដ្ឋ ពិសេសបន្ដរក្សាបាននូវសុខសន្ដិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍជឿនលឿន៕