ពិធីចូលវស្សា គឺជាផ្នែកមួយនៃវប្បធម៌ខ្មែរ ដែលបង្ហាញពីសាមគ្គីភាព និងសេចក្ដីជ្រះថ្លាក្នុងសាសនា ជាក់ស្តែងនៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ស្ពឺ ដឹកនាំ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រីរាជការក្នុងរដ្ឋបាលខេត្ត រៀបចំពិធីប្រគេនទានព្រះវស្សា ដល់វត្តចំនួន២២ ដែលកំពុងគង់ចាំព្រះវស្សាមួយចំនួនទូទាំងខេត្ត ធ្វើឡើងនៅវត្តមរម្យុំខាងជើង ស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក្នុងនាមប្រជាពុទ្ធបរិស័ទ្ធខ្មែរកាន់ព្រះពុទ្ធសាសនា ក្នុងរដូវចូលវស្សាបានមូលគំនិតគ្នា ជាពុទ្ធបរិស័ទ្ធមានដើមកំណើតតាំងពីសម័យពុទ្ធកាល នៅពេលដែលព្រះពុទ្ធអនុញ្ញាតឱ្យភិក្ខុសង្ឃនៅចាំវស្សា (៣ខែ) ក្នុងវត្តអារាមមួយ ដើម្បីជៀសវាងការធ្វើដំណើរក្នុងរដូវវស្សាពិធីនេះ ក៏ជាឱកាសសម្រាប់ព្រះសង្ឃពង្រឹងសមាធិ និងការសិក្សាព្រះធម៌យើង នាំឧបត្ថម្ភគាំទ្រទៅតាមលទ្ធភាព ក្នុងវិស័យសាសនាដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាទាំងអស់គ្នា។
សូមរំលឹកថា ពិធីបុណ្យចូលវស្សាជារាជពិធីចូលព្រះវស្សា គឺជាពិធីបុណ្យសាសនាព្រះពុទ្ធសាសនាដ៏សំខាន់មួយ ដែលប្រារព្ធធ្វើឡើងនៅថ្ងៃ១រោច ខែអាសាឍ រហូតដល់ថ្ងៃ១៥កើត ខែភទ្របទ ក្នុងរយៈពេល៣ខែ។ ពិធីនេះ តំណាងឱ្យការចាប់ផ្ដើមនៃវស្សារបស់ព្រះសង្ឃ និងជាឱកាសសម្រាប់ពុទ្ធសាសនិកជនប្រតិបត្តិធម៌។
ពេលវេលាពិធីនេះ ត្រូវបានរាប់បញ្ចូលជាព្រះរាជពិធីដែលព្រះមហាក្សត្រទ្រង់យាងចូលរួមផងដែរ ដែលពុទ្ធបរិស័ទ្ធមានការប្រគេនចង្ហាន់ និងវត្ថុបរិក្ខារ (ដូចជា ទឹកសុក្កំ ទានវស្សាសង្ឃ) ដល់ព្រះសង្ឃ ការស្ដាប់ធម៌ទេសនា និងសមាធិ។ ការប្រកាសចូលវស្សា របស់ព្រះសង្ឃការបរិច្ចាគទាន និងការរក្សាសីល ព្រះសង្ឃមានការរៀបចំព្រះវិហារ និងកន្លែងសមាធិ។ ហើយពិធីនេះ ជាឱកាសដល់ពុទ្ធសាសនិកជនធ្វើកុសលកម្ម បំពេញបារមី និងពង្រឹងសទ្ធាដល់ព្រះសង្ឃ ក៏ប្រើពេលនេះ ដើម្បីព្យាយាមបំពេញវិបស្សនាធម៌ និងផ្សព្វផ្សាយព្រះធម៌ ដល់ពុទ្ធបរិស័ទ្ធ៕