ឯកឧត្តម អ៊ុក គឹមសាន ចុះមូលដ្ឋានស្រុករវៀង ខេត្តព្រះវិហារ អំពាវនាវសមាជិកបក្ស រួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីសម្រេចបានលទ្ធផលធំៗបន្ថែមទៀតជូនគណបក្ស


ឯកឧត្តម អ៊ុក គឹមសាន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សខេត្ត ចុះជួយមូលដ្ឋានស្រុករវៀង ខេត្តព្រះវិហារ បានថ្លែងអំពាវនាវដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទូទាំងស្រុករវៀង សូមបន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីសម្រេចបានសមិទ្ធផលធំៗ ថ្មីៗ ជូនគណបក្ស។

ការថ្លែងអំពាវនាវរបស់ឯកឧត្តម អ៊ុក គឹមសាន បែបនេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ឆ្នាំ២០២៥) នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុករវៀង ដោយបានការចូលរួមពីលោក ហោ ប៊ុនហួរ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុករវៀង ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្ស ជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥នេះ។

ឯកឧត្តម អ៊ុក គឹមសាន បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើង កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ មកដល់ពេលនេះមានអាយុកាល៧៤ឆ្នាំហើយ ដោយបានប្រកាន់ខ្ជាប់នូវគោលបំណងដើមរបស់ខ្លួន គឺប្រមូលកម្លាំងគ្រប់ជនជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិ មាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាពដើម កំណើតជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នារំដោះប្រជាជាតិ ឱ្យរួចផុតពីការឈ្លានពានការ ត្រួតត្រា ការជិះជាន់ ធ្វើបាបគ្រប់បែបយ៉ាង ការពារសមិទ្ធផលសង្គមជាតិ និងកសាងប្រទេសកម្ពុជា ជាមួយនឹងឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។

ឯកឧត្តមបន្តថា ការប្រារព្ធមិទ្ទិញអបអរសាទរ ខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ គឺដើម្បីគោរពដឹងគុណដល់វីរភាពរបស់វីរជនស្នេហាជាតិទាំងអស់ ដែលបានបូជាជីវិត ដើម្បីការពារប្រទេស បូរណភាពទឹកដី។ គណបក្សប្រជាជនកម្ពុជា មានសាមគ្គីភាពផ្ទៃក្នុងរឹងមាំ សម្រាប់ការដឹកនាំគណបក្សដើម្បីធានាការ អភិវឌ្ឍន៍ សន្តិភាព ដែលជាសេចក្តីប្រាថ្នារបស់ប្រជាពលរដ្ឋ។គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវការកសាងកម្ពុជា ដែលមានសេដ្ឋកិច្ចប្រាកដប្រជា បរិយាប័ន្ន សមភាពសង្គម ប្រជាជនមានចំណេះដឹង មានជីវភាពរស់នៅសមរម្យចាកផុតពីភាពក្រីក្រ។

ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ុក គឹមសាន ក៏បានថ្លែងអំណរគុណដល់សមាជិក សមាជិកា និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានទាំងអស់ ដែលបានខិតខំប្រឹងប្រែងគោរពតាមគោលនយោបាយគណបក្ស ដើម្បីបម្រើដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ តាំងពីដើមរហូតដល់សព្វថ្ងៃ និងទៅអនាគត។លោកក៏បានជម្រាបជូន អំពីសភាពការណ៍នៅតាមព្រំដែន កម្ពុជា-ថៃ កំពុងមានភាពតានតឹង លោកសូមស្នើដល់សមាជិក សមាជិកាគណបក្ស ក៏ដូចជាប្រជាពលរដ្ឋ បន្តភាពស្ងៀមស្ងាត់ ព្រោះថាថ្នាក់ដឹកនាំកំពុងតែធ្វើកិច្ចការនេះយ៉ាងយកចិត្តទុកដាក់ជាទីបំផុត៕