ឯកឧត្តមវេជ្ជ. សុះ មុះសិន៖ ការគាំពារកុមារកំព្រាមិនត្រឹមតែជាការផ្តល់ជំនួយជាប្រចាំទេ ប៉ុន្តែជាការវិនិយោគប្រកបដោយបរិយាបន្ន ទៅលើអនាគតរបស់ប្រទេស ដោយបង្កើតមនុស្សជំនាន់ក្រោយពោរពេញដោយសមត្ថភាព ឥរិយាបថល្អ និងស្មារតីសង្គមខ្ពស់ 


ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន សមាជិករដ្ឋសភា សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈចលនាសាសនិកឥស្លាម នៃគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់ប្រាក់ឧបត្ថម្ភ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ ជូនក្មេងកុមារកំព្រានៃគម្រោងចិញ្ចឹមកុមារកំព្រាតាមមូលដ្ឋានរបស់សមាគមនិស្សិតមុស្លិមកម្ពុជា ក្រោមជំនួយឧបត្ថម្ភពីអង្គការ muslimehelfen នៅប្រទេសអាល្លឺម៉ង់ ចំនួន ២០០នាក់ មកពី១៣ រាជធានី ខេត្ត។ ពិធីមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំសមាគមនិស្សិតមុស្លិមកម្ពុជា យុវជនស.ស.យ.ក ក្រុមការងារ និងមន្រ្តីសមាគម ព្រមទាំងអាណាព្យាបាលជាច្រើនផងដែរ។ ពិធីប្រារព្ធធ្វើឡើងនៅក្នុងបរិវេណមជ្ឈមណ្ឌលផ្ទះអេមីរ៉ាត់សំរាប់ក្មេងកំព្រា ស្ថិតនៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥។

 

តាមរបាយការណ៍របស់អ្នកសម្របសម្រួលគម្រោងកុមារកំព្រានៃសមាគមនិស្សិតមុស្លិមកម្ពុជា បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៥ គម្រោងកំពុងចិញ្ចឹមកុមារកំព្រា ចំនួន ២០០នាក់ ស្រី ៨៥នាក់ មកពី ១៣ រាជធានី ខេត្ត។ ប្រាក់ឧបត្ថម្ភ ត្រូវបានកំណត់ផ្ដល់ជូនរៀងរាល់ឆមាស ដោយក្នុង ១ឆមាស កុមារម្នាក់ៗទទួលបានប្រាក់ចំនួន ២១៦,៧២ដុល្លាអាមេរិក ប្រមាណ ៨៦៧ ០០០រៀល ឬក្នុងមួយ (០១)ឆ្នាំ ស្មើនឹង២ឆមាស ស្មើនឹង ១ ៧៣៤ ០០០រៀល ដូចនេះ ២០០នាក់ ស្មើនឹង ៣៤៦ ៨០០ ០០០រៀល។ គម្រោងបានចាប់ផ្តើមកាលពីឆ្នាំ២០២០ និងកំពុងដំណើរការរហូតដល់បច្ចុប្បន្ន ក្រោមកិច្ចសហប្រតិបត្តិការជាដៃគូជាមួយអង្គការ muslimehelfen នៅប្រទេសអាល្លឺម៉ង់។ សមាគមបានរៀបចំកម្មវិធីជួបជុំ សំណេះសំណាល និងផ្ដល់ប្រាក់ឧបត្ថម្ភ នៅរៀងរាល់ឆមាសម្ដងទៅតាមការកំណត់របស់ម្ចាស់ជំនួយ ហើយថ្ងៃនេះគឺជាលើកទី១១ នៃការផ្ដល់ប្រាក់ឧបត្ថម្ភនេះ។ ការឧបត្ថម្ភនេះ មានគោលបំណងសំខាន់ដើម្បីបង្កើនគុណភាពជីវិត និងរស់នៅក្នុងបរិយាកាសសុវត្ថិភាព ពិសេសជួយសម្រាលបន្ទុករបស់អាណាព្យាបាលលើការផ្គត់ផ្គង់ជីវភាពការចិញ្ចឹមបីបាច់ថែរក្សា និងថែទាំសុខភាព ពិសេសផ្ដល់លទ្ធភាពឱ្យកុមារបានទទួលការអប់រំដូចក្មេងទូទៅ និងចូលរួមជាចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការគាំពារវិស័យសង្គមកិច្ច ការបណ្តុះបណ្តាលកុមារ ពិសេសកាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋ។

 

ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន បានមានប្រសាសន៍ថា នៅក្នុងសង្គមកម្ពុជា ជាពិសេសក្នុងតំបន់ជនបទ និងតំបន់ដែលប្រឈមនឹងភាពក្រីក្រ កុមារកំព្រាបានរងគ្រោះពីបញ្ហាសង្គម ដូចជា ការបាត់បង់ឪពុកម្តាយ ការបែកបាក់គ្រួសារ និងភាពខ្វះខាតផ្នែកសេដ្ឋកិច្ច។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ ស្ថាប័នរដ្ឋ អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍មួយចំនួន បានចូលរួមធ្វើការផ្តល់ ប្រាក់ឧបត្ថម្ភ និងសេវាចិញ្ចឹមបីបាច់ ដល់កុមារកំព្រា តាមវិធីសាស្ត្រដែលមានប្រសិទ្ធភាព និងបរិយាបន្ន ដើម្បីធានាថាកុមារកំព្រាបានទទួលការថែទាំដោយមានសេចក្តីស្រឡាញ់ សុវត្ថិភាព និងឱកាសក្នុងការរីកចម្រើនជាមនុស្សមានគុណភាព។ ឯកឧត្តមបន្តថា ការគាំពារកុមារកំព្រាមិនត្រឹមតែជាការផ្តល់ជំនួយជាប្រចាំទេ ប៉ុន្តែជាការវិនិយោគប្រកបដោយបរិយាបន្ន ទៅលើអនាគតរបស់ប្រទេស ដោយបង្កើតមនុស្សជំនាន់ក្រោយពោរេពេញដោយសមត្ថភាព ឥរិយាបថល្អ និងស្មារតីសង្គមខ្ពស់។

 

ក្នុងរយៈពេលចុងក្រោយនេះ ស្របពេលដែលជ្រុងខ្លះនៃសកលលោកកំពុងផ្ទុះសង្គ្រាម ធ្វើឱ្យអាយុជីវិតមនុស្សបាត់បង់ រួមទាំងកុមារ ជាក់ស្ដែងសង្គ្រាមនៅក្នុងប៉ាឡេស្ទីនបាននាំឱ្យមានបាត់បង់ជីវិតស្ទើររាល់ថ្ងៃ។ អ្នកដែលរងគ្រោះយ៉ាងធ្ងន់ធ្ងរមានច្រើនក្នុងចំណោមនោះគឺ កុមារ។ ពួកគេកំពុងរងទុក្ខយ៉ាងស្ទើរមិនអាចពិចារណាបានពីផលប៉ះពាល់ផ្លូវកាយ និងផ្លូវចិត្ត ដែលបានកើតឡើងដោយសារព្រឹត្តិការណ៍សង្គ្រាមមិនចេះចប់។ ជីវិតកុមារជាច្រើនកំពុងទទួលរងផលប៉ះពាល់ពីជំងឺរាតត្បាតនានា សង្គ្រាម គ្រោះទុរភិក្ស និងវិបត្តិផ្សេងៗ។ កុមារជាច្រើនខកខានទៅសាលារៀន មិនបានទទួលសេវាសុខភាព គ្មានម្ហូបអាហារគ្រប់គ្រាន់ និងរងគ្រោះខ្លាំងជាងមុនពីអំពើរំលោភបំពាន។

 

ពាក់ព័ន្ធនឹងជម្លោះព្រំដែនជាមួយប្រទេសជិតខាង ឯកឧត្តមបានអំពាវនាវដល់សហគមន៍ឥស្លាមឱ្យរួបរួមជាកម្លាំងសាមគ្គីស្នេហាជាតិជាមួយប្រជាជតិខ្មែរទាំងមូល ក្នុងគាំទ្រលើយន្តការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាលកម្ពុជាជាមួយប្រទេសថៃដោយសន្តិវិធី ព្រមទាំងបន្តអនុវត្តយន្តការដែលធ្លាប់ប្រើប្រាស់តាមរយៈការចរចា និងការប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ព្រមទាំងសម្ដែងទឹកចិត្តស្មោះសរក្នុងការចូលរួមលើកទឹកចិត្តដល់កងកម្លាំងការពារនៅសមរភូមិជួរមុខ ជាថវិកា សម្ភារៈ និងស្បៀងអាហារផ្សេងៗ ឬជាការលើកទឹកចិត្តតាមមថ្យោបាយផ្សេងៗដល់កងទ័ពយើងដែលកំពុងតស៊ូការពារបូរណភាពទឹកដី។

 

ឯកឧត្តមសង្កត់ធ្ងន់ថា នៅពេលដែលពិភពលោកកំពុងប្រឈមមុខនឹងជម្លោះ សង្គ្រាម និងវិបត្តិមនុស្សធម៌នៅតំបន់ជាច្រើន ដូចជា ប៉ាឡេស្ទីន អ៊ុយក្រែន និងតំបន់ផ្សេងទៀត កម្ពុជា និងប្រជាជនខ្មែរមាន ភ័ព្វសំណាងយ៉ាងខ្លាំងដែលកំពុងរស់នៅក្រោម ម្លប់សុខសន្តិភាព គ្មានសង្គ្រាម ដែលជាជ័យជម្នះនៃ ការរួបរួមជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព។ កុមារកម្ពុជា ច្រើនកំពុងមានឱកាសបានចូលសាលារៀន មានសេវាសុខាភិបាល និងការថែទាំផ្លូវចិត្តនៅគ្រប់ជ្រុងជ្រោយប្រទេស។ ពួកគេអាចគាំទ្រពីសេវាសាធារណៈ ក៏ដូចជាកម្មវិធីជាច្រើនរបស់រដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលនានានិយាយជារួម និងនិយាយដោយឡែក សមាគមនិស្សិតមុស្លិមកម្ពុជា ដែលបាននិងកំពុងអនុវត្តគម្រោងដ៏មានសារៈសំខាន់នេះ។ ដូចនេះយើងត្រូវអរគុណសន្ដិភាព និងបន្តគាំទ្ររាជរដ្ឋាភិបាលក្នុងការថែរក្សាសុខសន្តិភាព និងកាអភិវឌ្ឍ។