ឯកឧត្តម ឃួង ស្រេង លើកឡើងពីគំរូវីរៈភាពរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យមន្ត្រីរបស់បក្សធ្វើជាត្រីវិស័យ ផ្សព្វផ្សាយជូនពលរដ្ឋ


ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សកម្ពុជារាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានលើកឡើងពីគំរូវីរៈភាពរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យមន្ត្រីរបស់គណបក្ស ដែលជាឃោសនិកដ៏សំខាន់របស់បក្ស យកមកធ្វើជាត្រីវិស័យ ក្នុងការផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានដឹង និងបានយល់ច្បាស់ អំពីវីរៈភាពដ៏ឧត្តុងឧត្ថមរបស់ថ្នាក់ដឹកនាំបក្ស និងបន្តយកទៅផ្សព្វផ្សាយដល់កូនចៅជំនន់ក្រោយៗទៀតបានដឹងឮ។

ការលើកឡើងខាងលើរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនៅថ្ងៃអាទិត្យទី០៦ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់បឹងទំពន់ទី១ ដោយមានការចូលរួមពី ឯកឧត្តម ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងឯកឧត្តម សេង គន្ធ ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ។

ក្នុងឱកាសនោះ លោក លោកស្រី ប្រធានភូមិទាំង១១ និងលោកចៅសង្កាត់បឹងទំពន់ទី១ បានរាយការណ៍ពីសមិទ្ធផលការងារនានា ដែលសំរេចបាន និងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ហើយក៏បានលើកឡើងពីចំណុចខ្វះខាត និងបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ ដើម្បីយកបញ្ហាទាំងនោះ មកដោះស្រាយឱ្យបានទាន់ពេលវេលា។ ជាមួយគ្នានោះដែរ ទាំងលោក លោកស្រីជាប្រធានភូមិ និងលោកចៅសង្កាត់បឹងទំពន់ទី១ សុទ្ធតែឡើងប្តេជ្ញាចិត្ត ក្នុងការកសាងសមាជិកបក្សឱ្យបាន៨០% ទៅតាមផែនការ ដើម្បីឈានទៅយកជ័យជំនះ ក្នុងការបោះឆ្នោយនៅឆ្នាំ២០២៧-២០២៨ ខាងមុខនេះ។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា៖ «ក្នុងនាមមន្ត្រីរបស់គណបក្សប្រជាជន ត្រូវខិតខំបន្តបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត ដោយត្រូវចិញ្ចឹម ចលនាប្រជាពលរដ្ឋ បើពួកគាត់ខ្វះខាតត្រូវជួយឧបត្ថមភ្លាម ដូចសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ធ្លាប់មានប្រសាសន៍ហើយ គឺមិនទុកឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយនោះទេ។ មិនត្រឹមតែមើលប្រជាពលរដ្ឋទេ ប្រជាការពាររបស់យើង ពួកគាត់ក៏មិនធូធាដែរ ដូច្នេះត្រូវគិតគូឧបត្ថមពួកគាត់ផងដែរ។ សម្តេចតេជោហ៊ុន សែនបានត្រួសត្រាយអស់ហើយ នៅតែយើងទេ ដែលត្រូវបន្តអនុវត្តឱ្យល្អប្រើសើរ ទៅតាមការដឹកនាំ ចង្អុលបង្ហាញរបស់ប្រធានបក្សប៉ុណ្ណោះ»

ឯកឧត្តម ឃួង ស្រេង បានបន្តថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រគល់ភារកិច្ចឱ្យក្រសួងធនធានទឹកនិងឧតុនិយម, ក្រសួងសាធារការ និងដឹកជញ្ជូននិងរដ្ឋបាលរាជធានីភ្នំពេញ ស្ថាបនាប្រឡាយ លូនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីរំដោះទឹកចេញពីរាជធានីភ្នំពេញ។ នេះជាកាដូដ៏ធំមួយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ជូនប្រជាពលរដ្ឋនៅភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានបន្ថែមថា សាមគ្គីភាពផ្ទៃក្នុងរបស់បក្ស គឺជារឿងសំខាន់ណាស់ ដូច្នេះយើងត្រូវសាមគ្គីភាពគ្នា ឱ្យកាន់តែល្អប្រសើរ។ ចំណែកប្រាក់រង្វាន់របស់បក្ស ក៏ជារឿងសំខាន់ខ្លាំងដែរ ដែលយើងត្រូវយក ថវិកានេះ ទៅប្រើប្រាស់ឱ្យចំគោលដៅ។

ឯកឧត្តម ឃួង ស្រេង បានថ្លែងថា ប្រជាពលរដ្ឋកម្ពុជាពិតជាមានសំណាងណាស់ ដែលមានថ្នាក់ដឹកនាំដ៏ល្អបំផុត នោះគឺសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា។ ខណៈប្រឈមមុខដាក់គ្នានៅតាមព្រំដែនរវាងកម្ពុជា និងថៃ បើយើងមិនមានថ្នាក់ដឹកនាំល្អបែបនេះទេកម្ពុជាមិនដឹងថា ទៅជាយ៉ាងណានោះទេ។ យើងស្អប់សង្រ្គាម តែយើងក៏មិនខ្លាចសង្គ្រាមដែរ មិនអាចឱ្យប្រទេសណាមួយរំលោភបំពានលើបូរណភាពទឹកដីកម្ពុជាបានឡើយ។

ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណចំពោះមន្ត្រីគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានលះបង់កំលាំងកាយ កម្លាំងចិត្តរហូតធ្វើឱ្យគណបក្សប្រជាជនកម្ពុជាឈ្នះ ក្នុងការបោះឆ្នោតឃុំ សង្កាត់ និងបោះឆ្នោតជ្រើរើសតំណាងរហូតមក៕