ឯកឧត្តម ហួត ហាក់ បានអនុញ្ញាតជូនលោក Mei Jiaxiang ស្ថាបនិកស្ថាប័នក្បាច់គុន Emei-Legend នៃខេត្តស៊ីឈាន់ សាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរចូលជួបសំដែងការគួរសម និងពិភាក្សាការងារ


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តី បានអនុញ្ញាតជូនលោក Mei Jiaxiang ស្ថាបនិកស្ថាប័នក្បាច់គុន Emei-Legend នៃខេត្តស៊ីឈ័ន សាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហការី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ដោយស្នើសុំកិច្ចគាំទ្រលើគម្រោងសហប្រតិបត្តិការបង្កើតព្រឹត្តការណ៍កីឡាប្រដាល់ធំៗ និងជាលក្ខណៈអន្តរជាតិ ដោយផ្សារភ្ជាប់នឹងទេសចរណ៍របស់ស្ថាប័នកីឡាប្រដាល់ទាំងពីរនៅប្រទេសកម្ពុជា និងប្រទេសចិន នាទីស្តីការក្រសួងទេសចរណ៍។

ក្រសួងទេសចរណ៍ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងក្លឹបគុន Emei-Legend ដ៏ធំពីខេត្តស៊ីឈាន់ សហការរួមគ្នាអភិវឌ្ឍទេសចរណ៍កីឡានៅកម្ពុជា ដើម្បីជំរុញកំណើនទេសចរអន្តរជាតិឱ្យកាន់តែច្រើនឡើង! «ទៅទេសចរណ៍តាមការប្រកួតកីឡាប្រដាល់»។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងគម្រោងដ៏ល្អរបស់ស្ថាប័នទាំងពីរដែលបានសម្លឹងមើលឃើញពីសក្តានុពលទេសចរណ៍ដ៏សំបូរបែប និងកាលានុវត្តវិនិយោគរបស់កម្ពុជា តាមរយៈការផ្សារភា្ជប់កីឡាប្រដាល់ដែលជាមត៌កសម្រាប់ការពារខ្លួន និងបូរណភាពជា​តិ ក៏ជាផ្នែកមួយនៃវប្បធម៌ អរិយធម៌ និងប្រពៃណីដ៏យូរលង់របស់ប្រទេសទាំងពីរ ដែលជួយផ្សព្វផ្សាយពីគុនខ្មែរ-ល្បុក្កតោដល់ប្រជាជនចិន និងពិភពលោក ក៏ដូចជានាំពិភពលោកមកកាន់ប្រទេសកម្ពុជាតាមរយៈគុនខ្មែរ-ល្បុក្កតោផងដែរ៕