ខេត្តព្រះវិហារ៖ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ ព្រមទាំងបាននាំយកមកនូវថវិកា គ្រឿងឧបភោគបរិភោគ និងសំភារៈប្រើប្រាស់ឧបត្ថម្ភដល់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានដែលកំពុងឈរជើងជួរមុខនៅបញ្ជាការដ្ឋានកងអង្គរក្ស (ទួល៩៥) ទិសប្រាសាទព្រះវិហារ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស ព្រមទាំងមេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជាច្រើនរូប។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរដល់ការលះបង់អស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់ឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហានដ៏អង់អាចក្លាហានដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្ត និងសុខសន្តិភាពពេញលេញរបស់ប្រជាជនកម្ពុជា។
បន្ថែមលើនោះ ឯកឧត្តមរដ្ឋមន្រ្តីបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះជំហរច្បាស់លាស់ និងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយប្រើប្រាស់នូវអភិក្រមទាំង ៣គឺ ការទូត និងបច្ចេកទេស, ច្បាប់អន្តរជាតិ និងយោធា ជាពិសេសក្នុងការយកបញ្ហា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលរមែងមានភាពរកាំរកូស ដែលបង្កឡើងដោយកងទ័ពថៃ ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីពន្លត់បញ្ចប់បញ្ហានេះ ដូចប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពជា ដែលបានលើកឡើងថា «ត្រូវពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង»។
គូសបញ្ជាក់ផងដែរថា ការជួបសំណេះសំណាលសាកសួរសុខទុក្ខ នេះចំពេលខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដែលជាតឹកតាងបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគឺការចូលរួមយ៉ាងសកម្មពីសម្ដេចវិបុលបញ្ញា សុខ អាន ក្នុងការជួយជ្រោមជ្រែងដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូបានដោយជោគជ័យជាប្រវត្តិសាស្ត្រ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិក (Quebec) ប្រទេសកាណាដា៕